MENU
|
រាជធានីភ្នំពេញ៖ លោកជុំសុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅថ្ងៃទី២១តុលាឆ្នាំ២០១៦ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍សុំអោយអាជ្ញាធរម៉ាឡេស៊ី ដោះលែងអ្នកទោសពលរដ្ឋខ្មែរចំនួន១២ នាក់ ដែលបានជាប់ឃុំនៅពន្ធនាគារ Semenyih នៃរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយសារគ្មានលិខិតឆ្លងដែន ហើយបានរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកម្ពុជាវិញ។
១-ឈ្មោះ អ.ហ.ល(បុរស)អាយុ២០ឆ្នាំមកពីខេត្តត្បូងឃ្មុំ ២-ឈ្មោះ ណ.ព.ស(បុរស) អាយុ២៤ឆ្នាំមកពីខេត្តត្បូងឃ្មុំ៣-ឈ្មោះល.ស.ល(បុរស)អាយុ១៨ឆ្នាំមកពីខេត្តក្រចេះ៤-ឈ្មោះ យ.រ.ស (បុរស)អាយុ១៩ឆ្នាំមកពីខេត្តត្បូងឃ្មុំ៥-ឈ្មោះឡ.ន(បុរស)អាយុ២៦ឆ្នាំមកពីខេត្តបន្ទាយមានជ័យ៦-ឈ្មោះ ក.គ(នារី)អាយុ២៥ឆ្នាំមកពីខេត្តព្រៃវែង៧-ឈ្មោះ ក.អ(នារី)អាយុ២៥ឆ្នាំមកពីខេត្តត្បូងឃ្មុំ៨-ឈ្មោះ ម.ហ(នារី)អាយុ៣១ឆ្នាំមកពីខេត្តកំពង់ចាម៩-ឈ្មោះ ហ.ស.រ(នារី)អាយុ២៦ឆ្នាំមកពីខេត្តកំពង់ចាម
១០-ឈ្មោះអ.វ(បុរស)អាយុ៦៥ឆ្នាំមកពីខេត្តបន្ទាយមានជ័យ១១-ឈ្មោះ ល.វ.អ(នារី)អាយុ២៣ឆ្នាំមកពីខេត្តកំពង់ធំ១២-ឈ្មោះ ន.ង(បុរស)អាយុ២៤ឆ្នាំមកពីខេត្តតាកែវ ។
ពលរដ្ឋចំនួន៩នាក់ (លេខរៀងទី១ដល់ទី៩) ជាកម្មកររោងចក្រផលិតស្រោមដៃ។ ស្ថានទូតបានធ្វើអន្តរាគមន៍ ដោយទាមទារអោយថៅកែផ្តល់ប្រាក់ខែដែលនៅខ្វះ និងទិញសំបុត្រយន្តហោះជូនអ្នកទាំង៩។ ចំណែកពលរដ្ឋឈ្មោះ អ.វ និងល.វ.អ (លេខរៀងទី១០និងទី១១) ដោយសាម៉ីខ្លួន ពុំស្គាល់ឈ្មោះនិងអាស័យដ្ឋានរបស់ថៅកែ ហើយខ្វះខាតថវិកា ដូច្នេះស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះជូន។
ពលរដ្ឋខ្មែរ១១នាក់ (លេខរៀងទី១ដល់ទី១១) បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ខែ តុលា ឆ្នាំ២០១៦វេលាម៉ោង១៥:៥៥ នាទីតាមជើងយន្តហោះលេខ AK534 ។ ចំណែកពលរដ្ឋឈ្មោះ ន.ង (លេខរៀងទី១២) បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០ នាទី តាមជើងយន្តហោះលេខ MH762 ។
គួរបញ្ជាក់ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីកាលថ្ងៃទី២តុលាឆ្នាំ២០១៦បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន២នាក់ដែលមានឈ្មោះដូចខាងក្រោម អោយបានត្រឡប់មកកម្ពុជាវិញ៖ ១-ពលករឈ្មោះ ន.ម អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង បានធ្វើដំណើរតាមរថយន្តតាមប្រទេសថៃទៅម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៦ និងធ្វើការជាអ្នកឈូសឈើ។ ដោយសារការងារលំបាកពេក ពលករបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
អង្គការសម្ព័ន្ធចាប់ដៃបានទិញសំបុត្រយន្តហោះហើយស្ថានទូតបានចេញថ្លៃបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី សម្រាប់ពលករ។២- ពលការិនីឈ្មោះ ម.ស.ជ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយខ្លួនឯងជាលើកទី២ កាលពីខែ មករា ឆ្នាំ២០១៥ នៅហាង Spa មួយកន្លែង។ ដោយសារការងារលំបាកពេក នាងបានទៅស្ថានទូត នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
ក្រសួការបរទេសបន្តថាក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ ថៅកែរបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ឲ្យនាងគ្រប់ចំនួន។ ពលករ-ពលការិនីទាំងពីរនាក់ បានមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536 ។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ អ្នកទាំងពីរផងដែរ៕