រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៦បានបញ្ចូនខ្លួនជនសង្ស័យពីនាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការនាំចូលថ្នាំញៀនចូលមកតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សមត្ថកិច្ចគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦បានធ្វើការចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់និងរឹបអូសថ្នាំញៀនជាង១គីឡូក្រាមនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណមេក្លោងជួញដូរគ្រឿងញៀនរូបនោះទេ តែគេបានដឹងថាឈ្មួញគ្រឿងញៀនម្នាក់នេះមានបំណងឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ម៉ាកាវ ប្រទេសចិន ។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះជនសង្ស័យបានចងភ្ជាប់លាក់បាំងទុកត្រង់ភ្លៅប៉ុន្តែការស្រាវជ្រាវយ៉ាងស្ទាត់ជំនាញរបស់សមត្តកិច្ចសូម្បីលេបចូលក្នុងពោះក៏អាចដឹងនិងចាប់ខ្លួនបានដែរ ។
ចំណែកនារីជនជាតិវេណេហ្ស៊ុយអេឡាក៏ត្រូវបានចាប់ខ្លួនក្នុងថ្ងៃតែមួយជាមួយគ្នាដែលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនស្ត្រីម្នាក់ ខណៈនាំគ្រឿងញៀនជាង១គីឡូក្រាមចូលមកកម្ពុជា ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ LOUPEZ ALVIAREZ ADELYS PAOLA អាយុ២៣ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា កាន់លិខិត ឆ្លងដែនលេខ 13842070 ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ ១៤៤៩,៤៣ក្រាម ។