MENU
|
រាជធានីភ្នំពេញ ៖ រឿងរ៉ាវដែលមិនគួរអោយកើតមាននិងសង្គមស្អប់ខ្ពើមបំផុតនោះបានកើតឡើងបន្ទាប់ពី យុវជនល្មោភកាមម្នាក់បានធ្វើសកម្មភាពរំលោភអនីតិជនម្នាក់ទើបអាយុ១២ឆ្នាំបានសម្រេចជាច្រើនលើកច្រើនសារដោយគំរាមមិនអោយក្មេងស្រីរងគ្រោះរូបនោះនិយាយប្រាប់នណារឡើយ បើពុំដូចនោះរូបគេនឹងសម្លាប់បំបិតមាត់ចោលប៉ុន្តែលទ្ធផលចុងក្រោយត្រូវក្រុមគ្រួសារជនរងគ្រោះប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែខណ្ឌឫស្សីកែវចាប់ក្របួចជាប់វាយខ្នោះភ្លាមៗដើម្បីសួរនាំ។
ការឃាត់ខ្លួនជនត្រូវសង្ស័យខាងលើនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចផ្ទះគ្មានលេខផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះថន ធារ៉ា ហៅ(ធា) អាយុ១៨ឆ្នាំមានមុខរបរកម្មករលក់គ្រឿងរថយន្តស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។ រីឯជនរងគ្រោះឈ្មោះប សជត អាយុ១២ឆ្នាំមានមុខរបរជាសិស្ស ស្នាក់នៅជាមួយម្ដាយម៉ីងនៅចំណុចកើតហេតុខាងលើ។
តាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យមុនពេលកើតហេតុតាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានបបួលជនរងគ្រោះទៅទិញទូរស័ព្ទ១គ្រឿងនិងភ្ជាប់អ៊ិនធឺណេតដើម្បីចុចមើលកំសាន្ដរួចជនសង្ស័យបានបន្តសកម្មភាពល្បួងរំលោភជនរងគ្រោះទាល់តែបានសម្រេចជាច្រើនដងខណៈនោះជនសង្ស័យខ្លាចបែកធ្លាយរឿងទើបប្រើកូនកាំបិតដើម្បីគំរាមសម្លាប់ជនរងគ្រោះបើសិនហ៊ានយករឿងនេះប្រាប់ទៅប្រាប់ម្ដាយមីង។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវបានបញ្ជាក់បន្តទៀតថាក្រោយជនសង្ស័យរំលោភជាច្រើនដង ទើបបណ្ដាលឲ្យជន រងគ្រោះមានអាការៈស្លេកស្លាំងហើយម្ដាយមីងរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យក៏សួរនាំស្រាប់តែបែកធ្លាយរឿងជនសង្ស័យខាងលើបានប្រើកាំបិតគំរាមសម្លាប់និងរំលោភបានសម្រេចជាច្រើនដងមកហើយតាំងពីអំឡុងខែមិថុនារហូតមកដល់យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ។
យ៉ាងណាមិញបច្ចុប្បន្នជនល្មោភកាមខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់នៅពេលក្រោយ ៕ លីហេង