MENU
|
រាជធានីភ្នំពេញ៖ សិស្សសាលាបឋមសិក្សាចំនួន៥នាក់ និងកម្រិតអនុវិទ្យាល័យចំនួន៥នាក់ផ្សេងទៀត សរុប១០នាក់ ដែលជាសិស្សឆ្នើមរៀនជាប់ចំណាត់ថ្នាក់ប្រចាំថ្នាក់និងសុទ្ធតែជាជនក្រីក្រ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះបានមកទទួលអំណោយកង់ចំនួន១០គ្រឿងរួមទាំងអំណោយមួយចំនួនផ្សេងទៀតពីអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ ក្រោមវត្តមានលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ។ ពិធីទទួលអំណោយខាងលើ ក៏មានការចូលរួមពីអាណាព្យបាល របស់ក្មួយៗ សិស្សានុសិស្សទាំង ១០នាក់ រួមទាំង ក្រុមគ្រូៗមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា ក្រុមសិស្សនិងសិស្សានុសិស្សឆ្នើមទាំង១០នាក់ខាងលើនេះមាន៥នាក់មកពីសាលាបឋមសិក្សាសន្សំកុសល និង ៥នាក់ផ្សេងទៀតមកពីអនុវិទ្យាល័យវត្តដំបូកខ្ពស់ ។ ដែលក្នុងនោះកម្រិតនៃការសិក្សារបស់ពួកគាត់គឺគិតចាប់ពីសិស្សដែលទទួលចំណាត់ថ្នាក់លេខ១រហូតដល់លេខ៥ ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនិងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌបានមានប្រសាសន៍ថ្លែងទៅកាន់ក្មួយៗនៅពេលនេះថាការខិតខំប្រឹងប្រែងរៀនសូត្រគឺមិនមែនជាការខិតខំតែ១ថ្ងៃឬ ២ថ្ងៃ អាចធ្វើអោយយើងចេះបានឡើយត្រូវប្រើប្រាស់នូវពេលវេលាដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើតទាំងចំណេះដឹង និងចំណេះធ្វើ អោយមានវិសាលភាព រីកចម្រើនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។ ក្មួយៗ នៅមានឱកាសរៀនសូត្រ ត្រូវតែរៀន ប្រឹងប្រែងក្រេបជញ្ជក់យកចំណេះវិជ្ជាអោយបានច្រើន មកដាក់លើខ្លួនឯង មិនត្រូវអស់សង្ឃឹមនឹងភាពខ្វះខាត និងស្ថានភាពក្រលំបាកក្នុងជីវិត ហើយត្រឡប់មកបំផ្លាញឱកាសរៀនសូត្ររបស់ខ្លួនឡើយ ថ្វីត្បិតតែវាសនាកំណត់អោយយើងកើតក្នុងត្រកូលអ្នកក្រខ្សត់ក៏ដោយ ។ លោកអភិបាលរង បន្តថា គ្មានជោគជ័យ និង ភាពថ្គុំថ្កើនណា ដែលកើតឡើងដោយការស្រណុកមុននោះទេ គឺសុទ្ធសឹងតែផ្តើមចេញពីការខិតខំប្រឹង និងការលំបាកជាមុនសិន ទើបអាចធ្វើអោយមនុស្សជោគជ័យបាន ។ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗនៅពេលនេះ គឺជា ស្ពានតែ១គត់ក្នុងការចម្លងខ្លួនឯង អោយទៅដល់ត្រើយ និងគោលដៅនៅពេលក្រោយ ដូច្នេះហើយក្មួយត្រូវក្តាប់ឱកាសនេះអោយជាប់ នឹងខិតខំបន្ថែមអោយអស់ពីសមត្ថភាព ព្រោះសសរទ្រូងរបស់ប្រទេសជាតិទាំងមូល គឺ សុទ្ធសឹងតែពឹងផ្អែកទៅលើក្មួយៗជាអ្នកកែលំអរ ជាអ្នកថែរក្សា និងជាអ្នកដឹកនាំបន្ត ទៅថ្ងៃមុខ ដូចសុភាពសិតពោលថា “ ទំពំាងស្នងឬស្សី ” ។
ជាចុងក្រោយក្រុមក្មួយៗជាសិស្សានុសិស្សទាំង១០នាក់ បានថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងជូនចំពោះលោកអភិបាលរង ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបញ្ចេញមតិអប់រំណែនាំនិងផ្តល់នូវដំបូន្មានល្អៗជាច្រើនដល់ពួកគាត់ នៅពេលនេះ ។និងជាពិសេសនោះក្រុមសិស្សានុសិស្សដដែលនោះក៏សូមថ្លែងអំណរអរគុណដល់សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ ជាធំមករហូត និងជាពិសេសដោយសម្តេចតែងតែបញ្ជារអោយមន្ត្រីក្រោមឱវាទធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរាអ្នកកើតជម្ងឺរុំារៃនិងជាពិសេសជនមានផ្ទុកមេរោគអេដស៍គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជាគឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ជាក់ស្តែងដូចការចែកអំណោយជាកង់ចំនួន ១០គ្រឿង និង អំណោយគ្រឿងឧបភោគ បរិភោគ មួយចំនួន រួមទាំងថវិការ ២ម៉ឺនរៀល ដូចនៅពេលនេះជូនដល់ពួកគាត់ជាដើម ៕