MENU
|
រាជធានីភ្នំពេញ៖ ក្មេងស្ទាវវ័យជាង ២០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនចាប់វាយខ្នោះភ្លាមៗ បន្ទាប់ពីរូបគេ បើករថយន្ត Mezerdes ស៊េរីទំនើបមួយគ្រេឿង បុករះរថយន្ត និងម៉ូតូជាច្រើនកន្លែងក្នុងទឹកដីភូមិសាស្ត្រខណ្ឌចំការមន ហើយព្យាយាមបើករត់គេចដល់ ចំណុចច្រមុះជ្រូកក្បាលថ្នល់ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជ្រុលបុកគូទរថយន្តហាយឡេនឌ័រមួយគ្រេឿងទៀត ទើបមិនអាចបន្តដំណើរទៅមុខបាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៥ និង ០០នាទីទាបភ្លឺថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានអោយដឹងថា រថយន្តបង្កម៉ាក Mezerdes ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG- 9888 បើកបរដោយយុវជនវ័យ ២០ឆ្នាំម្នាក់ បានបើករះម៉ូតូ និងរថយន្តមិនចាំម៉ាកជាច្រើនគ្រេឿង ក្នុងភូមិសាស្ត្រ ខណ្ឌចំការមន នាវេលាម៉ោង ៤ និង៣០នាទីទាបភ្លឺថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយព្យាយាមបើករត់គេចមកដល់ចំណុចច្រមុះជ្រូក ក្បាលថ្នល់ វេលាម៉ោង ៥ទាបភ្លឺ បានរេចង្កូតជ្រុលបុកគូទរថយន្ត ហាយឡេនឌ័រមួយគ្រេឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK - 0261 ( ចតចោលនៅចំណុចខាងលើ ) ពីក្រោយបញ្ចិតខាងឆ្វេងពេញទំហឹង បណ្តាលអោយរថយន្តបង្ក បែកកង់មុខខាងស្តាំ និងដាច់ក្រឡេ មិនអាចបន្តដំណើរទៅមុខបាន ។
ភ្លាមៗ កម្លាំងនគរបាលចរាចរណ៍ខណ្ឌចំការមន ចុះមកដល់ចំណុចកើតហេតុ នាំខ្លួនអ្នកបើកបររថយន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ។ ដោយឡែករថយន្តទាំង២គ្រេឿង ត្រូវបានសមត្ថកិច្ចចរាចរណ៍ជំនាញខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែងអូសយកទៅកាន់ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ។
សូមបញ្ជាក់ថា ក្រោយការវាស់វែងរួច នគរបាលជំនាញ ក៏ទៅនាំខ្លួនជនបង្កពីអធិការខណ្ឌចំការមន ទៅការិយាល័យចរាចរណ៍ជើងគោក ជាមួយនឹងរថយន្តទាំង២គ្រេឿងផងដែរ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល ជនបង្ក ទើបចេញពី bar ហើយសេពសារធាតុស្រវឹងច្រើនហួសកម្រិត គ្រប់គ្រងស្មារតីបើកបរលែងបាន ទើបបង្កគ្រោះថ្នាក់បុករះជបន្តបន្ទាប់តែម្តងទៅ ៕ លីហេង