![]() |
MENU
|

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ក៏មានកម្មករប្រមាណ២០០នាក់ដែរ ដែលកំពុងធ្វើការតវ៉ា និងទាមទាលើគោលការបញ្ចូលកម្មករអណ្តែត អោយចូលជាកម្មករពេញសិទ្ធិដោយសារតែមានកម្មករខ្លះធ្វើការរហូតជិតមួយឆ្នាំទៅហើយ នៅតែមិនទាន់បានពេញសិទ្ធិទៀត ដើម្បីទទួលបាននូវរបបប្រាក់បន្ថែម៣មុខ លើប្រាក់បៀវត្សធម្មតា ។ គួរបញ្ជាក់ថា រោងចក្រផលិតស្បែកជើងនេះគឺជាវិនិយោគរបស់ជនជាតិថៃ ដែលមាន ទីតាំងស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានឈ្មោះ « អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ » ហើយក៏ធ្លាប់មានបញ្ហាជាច្រើនលើក ច្រើនសារមកដែរប៉ុន្តែគេមិនសូវឃើញមានការទទួលស្គាល់ ឬធ្វើការដោះស្រាយរាល់សំណូមពររបស់ កម្មករនោះទេ ដែលជាបញ្ហាមួយពង្រីកអោយកនា់តែធំទៅៗ ។
លុះនៅវេលាម៉ោង ៨ និង២៥ នាទី ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ មានការតវ៉ា ពីសំណាក់កម្មករប្រមាណ២០០នាក់នៅខាងមុខរោងចក្រ ដោយម្នាក់ៗមិនព្រមចូល ទៅធ្វើការនៅក្នុងរោងចក្រឡើយ ដោយការតវ៉ានេះ គឺពួកគេបានផ្តោតទៅលើគោលការណ៍ តែម៉្យាងគត់គឺ សំណូមពរដល់ភាគីរោងចក្រអោយបញ្ចូលកម្មករអណ្តែត ទៅជាកម្មករពេញសិទ្ធិត្រឹមតែរយៈពេល ៣ខែ ប៉ុណ្ណោះ ព្រោះបើតាមសេចក្តីរាយការណ៍មកគឺ មានកម្មករជាច្រើននាក់ដែលខ្លះចូលធ្វើការជិតមួយឆ្នាំហើយ នៅមិនទាន់បានពេញសិទ្ធិទៀតដូច្នេះពួកគេទាំងអស់គ្នាសុំសំណូមពរតែមួយប៉ុណ្ណោះ ។ជួបជាមួយកម្ពុជាថ្មី កម្មការនីម្នាក់ឈ្មោះ សេង សុធា អាយុ២៦ឆ្នាំ រស់នៅភូមិចក្រីឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលបានមកធ្វើការនៅក្នុងរោងចក្រនេះទាំងពីរនាក់ប្តី ប្រពន្ធ បានរៀបរាប់ថា ពួកគេគ្មានទាមទាអ្វីច្រើននោះទេ គឺគ្រាន់តែសុំអោយរោងចក្របញ្ចូលឈ្មោះកម្មករអណ្តែត ទៅជាកម្មករពេញសិទ្ធិតែត្រឹមរយៈពេល៣ខែបានហើយ ដើម្បីអោយពួកគេទទួលបាននូវរបបបន្ថែម ៣យ៉ាង ដូចជា ប្រាក់ព្រីម ប្រាក់បុណ្យ និងប្រាក់ធ្វើដំណើរ ។
កម្មការនីរូបនេះបានបន្តថា បន្ទាប់ពីមានការទាមទាតវ៉ារួចមក ស្វាមីរបស់នាងឈ្មោះអុល រ៉យ អាយុ២៥ឆ្នាំ ដែលរោងចក្រទើបបានបញ្ចូលទៅជាកម្មករពេញសិទ្ធិដែលមានចំនួន១១នាក់ ត្រូវគេទំលាក់ទៅជាកម្មករអណ្តែតវិញដោយស្វ័យប្រវត្តិ តែមួយប៉ព្រិចភ្នែកដែលើលទៅហាក់ដូចជាមានកំហឹងជាមួយនឹងកម្មករដែលមិនព្រមចូលធ្វើការអញ្ចឹងដែរហើយម៉្យាងទៀតក្នុងរោងចក្រផលិតស្បែកជើងនេះ គឺគេមិនអនុញ្ញាតអោយបង្កើតជាសហជីពកម្មករ ដើម្បីដោះស្រាយរាល់ពេលមានបញ្ហាឡើយ ។
នៅក្នុងឱកាសនោះដែរលោកមេការ ដែលជាជនជាតិខ្មែរនៅក្នុងរោងចក្របានបញ្ជាក់ប្រាប់កម្មករទាំងអស់ថា បើមិនព្រមធ្វើការទេ ទាំងអស់គ្នាត្រូវចូលទៅបំពេញលិខិតលាលែងពីការងារ ដើម្បីគេមានឱកាសជ្រើសរើសកម្មករថ្មី ដែលបញ្ហានេះខាងកម្មករបានលើកជាសំណួរថា តើរោងចក្រចង់បញ្ឈប់កម្មករពីការងារ ត្រូវបញ្ឈប់ភ្លាមៗមែនទេ?
នៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃដដែលបានទំនាក់ទំនងទៅលោកមេការតាមរយៈទូរស័ព្ទចំនួនពីរលើក ដើម្បីចង់ដឹងថា តើក្រុមហ៊ុនមានវិធីដោះស្រាយបែបណាទៅលើសំណូមពររបស់កម្មករ តែត្រូវភាគីនោះមិនទទួលទូរស័ព្ទឡើយ៕


