MENU
|
រាជធានីភ្នំពេញ ៖ នាវេលាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បានដឹកនាំក្រុមមន្ត្រីក្រោមឱវាទនាំយកអំណោយសម្តេចកតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ស្ត្រីម្នាក់ដែលត្រូវស្លាប់មួយជំហៀងខ្លួនដោយសារជម្ងឺលើសឈាម ហើយកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ រួមទាំងមានកូនស្រី០២នាក់ជាបន្ទុកទៀតផងដែរ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ស្ត្រីខាងលើនេះមានឈ្មោះ សោម រស្មី មានវ័យជាង៣៨ឆ្នាំ ។ គាត់បានធ្លាក់ខ្លួនស្លាប់មួយជំហៀងខ្លួនដោយសារជម្ងឺលើសឈាមនេះអស់រយះពេលជាង ១ឆ្នាំមកហើយ ហើយក្រោយពេលកើតជម្ងឺនេះរួចមកជីវភាពក្នុងគ្រួសារកាន់តែចុះក្រខ្សត់ឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះបច្ចុប្បន្ននេះគាត់ជាបង្គោលក្នុងគ្រួសារ ដែលមានកូនស្រីធំៗ២នាក់ជាបន្ទុកផងដែរ បន្ទាប់ពីគាត់ និងអតីតប្តីលែងលះគ្នាអស់ជាច្រើនឆ្នាំកន្លងមកហើយ ។
ក្នុងឱកាសខាងលើនេះដែរ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បានមានប្រសាសន៍ សម្តែងនូវទឹកចិត្តអាណិតអាសូរយ៉ាងពន់ពេកបំផុតសម្រាប់ក្រុមគ្រួសារបងស្រីខាងលើ ដែលជីវភាពកំពុងមានភាពទីទ័លទៅហើយ នៅមានជម្ងឺអប្រិយចង្រៃតាមមកយីយា ធ្វើអោយការលំបាកក្នុងជីវភាពកាន់តែពិបាកកើនឡើងស្ទើររកពាក្យថ្លែងមិនត្រូវ ។ លោកអភិបាលរងបន្តថា ទោះបីជាបងស្ថិតក្នុងជីវភាពបែបនេះក៏ដោយ ក្នុងនាមជាអាជ្ញាធរ ដែលគេស្គាល់ថាជាមាតាបិតារបស់ប្រជាជននោះ យើងមិនបណ្តែតបណ្តោយអោយប្រជារាស្ត្ររបស់យើងត្រូវរស់នៅក្នុងជីវិតលំបាកបែបនេះរហូតដល់ជរាស្លាប់ឡើយ គឺយើងមានកាតព្វកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់បងប្អូន គ្រប់ពេល ។ ហើយការជួយនៅពេលនេះ មិនមែនជាការមើលឃើញនូវទុក្ខលំបាករបស់បងប្អូនតែមួយពេលនោះទេ គឺចាប់ផ្តើមពីថ្ងៃដែលអាជ្ញាធរយើងដឹងលឺថាបងប្អូនជួបការលំបាកនេះ តទៅថ្ងៃមុខជារៀងរហូត ។
លោកអភិបាលរង បានមានប្រសាសន៍ បន្តថា ៖ មនុស្សជាទូទៅ គ្មានអ្នកណាដែលកើតមកគ្មានជម្ងឺកើតមកជាប់ខ្លួននោះទេ គឺត្រូវតែប្រឈមមុខជាមួយវាជានិច្ច ប៉ុន្តែទន្ទឹមនឹងនោះសុំអោយបងប្អូនត្រូវថែទាំអនាម័យសុខភាពរបស់ខ្លួនអោយបានល្អ បំផុត ពោលគឺត្រូវរស់នៅស្អាត ហូបស្អាត ។ បងស្រីមិនត្រូវអស់សង្ឈឹមនឹងជីវិតរបស់ខ្លួនឯងឡើយ មិនថាខ្លួនកើតមកក្រ ផ្ទុកជម្ងឺអេដស៍នោះទេ ឬជាក់ស្តែងមានជម្ងឺដូចពេលនេះឡើយ គឺត្រូវតែមានទំនុកចិត្តរស់នៅលើវិថីនៃជីវិតរបស់ខ្លួន ព្រោះយើងនៅមានមនុស្សជាច្រើនដែលនៅស្រលាញ់រាប់អានយើងជានិច្ច ជាពិសេសគឺ កាកកបាទក្រហមកម្ពុជា តែម្តង ដែលមានសម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ជាប្រធាន ដែលជានិច្ចជាកាល លោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ។
អំណោយដែលត្រូវចែកជូន រួមមាន : អង្ករ១ប៉ាវស្មើរ៣០គីឡូក្រាម. មី១កេស. ទឹកសុទ្ធ១កេស. ទឹកក្រូច១កេស. ត្រីខ១យួរ ស្មើរ១២កំប៉ុង និងថវិការចំនួន១៥ម៉ឺនរៀលផងដែរ ។ សូមបញ្ជាក់ថា ដោយមើលឃើញនូវការលំបាករបស់ បងស្ត្រីខាងលើដែលមានកូនស្រី២នាក់ ជាបន្ទុក ដោយបច្ចុប្បន្នម្នាក់កំពុងរៀនថ្នាក់ទី៣ និងម្នាក់ទៀតរៀនថ្នាក់ទី៥ នោះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បាន ឧបត្ថម្ភថវិការផ្ទាល់ខ្លួន ដល់កូនទាំង២នាក់ក្នុង ១ខែ ចំនួន១០ម៉ឺនរៀល រហូតដល់បងស្រីអាចមានអាការះវិលមករកសភាពដើមពីជម្ងឺវិញ ៕