ខេត្តស្វាយរៀង៖ មានភាពភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ និងអ្នកភូមិចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានខណៈបុរសម្នាក់ដែលគេស្គាល់ជា បុគ្គលិកធនាគារអេស៊ីលីដា បានដេកស្លាប់នៅក្នុងបន្ទប់តែម្នាក់ឯងសង្ស័យខ្យល់គរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលម៉ោង២ និង២៥នាទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់ យីហោ ឡុងច័ន្ទ ស្រីលាប ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក ក្រុង-ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ស៊ាង សុវណ្ណធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកធនាគារអេស៊ីលីដា មានស្រុកកំណើតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។
ប្រភពបន្តថាក្រោយពេលទទួលពត៏មានពីម្ចាស់ផ្ទះសំណាក់ភ្លាមសមត្ថកិច្ចនគរបាលក្រុងអាជ្ញាធរកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត និងគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាសព ឃើញថាបុរសខាងលើស្លាប់ដោយសារជំងឺគាំងបេះដូងខណៈមានទម្ងន់រហូតដល់ទៅ១០៥គីឡូឯណោះដោយមិនមែនជារឿងឃាតកម្មអ្វីនោះទេ។
ក្រោយពេលពិនិត្យរួចសមត្ថកិច្ចក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕