![]() |
MENU
|
ខេត្តព្រះវិហារ ៖ មានករណីចាប់ខ្លួនជនល្មើសឈ្មោះ វិន វ៉ើន ភេទប្រុស កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ម្សិលមិញនេះអាវុធ វែង ចំនួន ២ ដើម អាកាបត់ ១ ដើម និង សេកាសេ ១ ដើម បង់១ និងគ្រាប់ ៣០ គ្រាប់ ត្រូវ សមត្ថកិច្ចធ្វើការ ដកហូតពីលំនៅដ្ឋានរបស់ជនល្មើសនៅ ស្រុក ជាំខ្សាន្ត ខេត្តព្រះវិហារ ដែលជនល្មើស កំពុងប្រើប្រាស់ដោយ គ្មានការអនុញ្ញាតិ ។
សូមបញ្ជាក់ថាដែលទាក់ទងនឹងប្រវត្តិរបស់ជនល្មើសនេះកាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០០៦ មាន អំពើប្លន់ប្រដាប់អាវុធមួយបានកើតឡើងក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ នៅភូមិបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ហើយក្នុងនោះ ក្រុមចោរប្លន់បានបាញ់ សម្លាប់ប្រជាពលរដ្ឋ ចំនួន ១ នាក់គឺលោក អឿន អ៊ុយ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍បន្សាយត្រែង រួមជាមួយសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលស្រុកថ្មគោល។ បានបាញ់តបតបណ្តាលឲ្យជនល្មើសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងជនល្មើសចំនួន ២ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ។
ករណីនេះហើយ ដែលកាលនោះលោកអនុសេនីយ៍ឯក រស់ ទូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បន្សាយត្រែង ទទួលរងការចោទប្រកាន់ថា បានបាញ់សម្លាប់ជនល្មើលម្នាក់ ក្នុងពេលប្រតិបត្តិការ ហើយលោក រស់ ទូ ត្រូវប្រឈមមុខយ៉ាងធ្ងន់ធ្ងរខាងផ្លូវច្បាប់ ។ ជនល្មើសឈ្មោះ វិន វ៉ើន ដែលចាប់ខ្លួននាពេល នេះគឺជាមេក្លោងធំ នៅក្នុងការដឹកនាំបក្សពួកធ្វើសកម្មភាពប្លន់នាពេលនោះ និងត្រូវបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន ១០ ឆ្នាំ ។
ទើប តែពេលនេះ នគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនបានតាមអំណាចដីកា តុលាការ ខេត្តបាត់ដំបង ។និងត្រូវប្រឈម ជាមួយបទចោទថ្មីមួយទៀត ក្នុងករណីប្រើប្រាស់រក្សាទុក អាវុធចំនួន ២ ដើម ដោយគ្មានការអនុញ្ញាតិ ។
ជនល្មើសនិងវត្ថុតាងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃនេះ ដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។ ក្នុងនាមស្នងការដ្ឋានសូមថ្លែងអំណរគុណចំពោះការចូលរួមរបស់សម្ថកិច្ច គ្រប់អង្គភាព គ្រប់ថ្នាក់ក្នុងខេត្តព្រះវិហារព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលឈានដល់ការចាប់ខ្លួន មេក្លោងឧក្រិដ្ឋជនបានសម្រេច។