![]() |
MENU
|

រាជធានីភ្នំពេញ ៖ លំនៅឋានប្រភេទផ្ទះល្វែង របស់ប្រជាពលរដ្ឋមួយកន្លែងដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអណ្តាតភ្លើងឆាបឆេះមួយដង្ហើមចង្រិត ខូចខាតទ្រព្យសម្បត្តិមួយចំនួន បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ១៦ និង ០០នាទីល្ងាចថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ ។
យោងតាមសម្តីរៀបរាប់របស់ស្ត្រីជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ដំបូងឡើយ រូបគាត់បានសម្រាកលេងនៅក្នុងបន្ទប់ជាន់ទី១ លុះមកដល់វេលាកើតហេតុ រូបគាត់ក៏បានដើរចុះមកខាងក្រោមផ្ទះវិញ ដោយបានបើកកង្ហារទុកចោល ។ មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែលឺសូរសម្លេងផ្ទុះចេញពីក្នុងបន្ទប់ដែលគាត់សម្រាក ភ្លាមៗនោះរូបគាត់ ក៏បានស្ទុះឡើងទៅមើល វិញស្រាប់តែឃើញមានផ្សែងហុយខ្មួរខ្មាញ់យ៉ាងសន្ធោរសន្ធៅតែម្តងទៅ ជាហេតុធ្វើអោយរូបគាត់ស្ទុះស្រវារត់មកក្រៅស្រែកហៅអោយគេឯងជួយ ។ ភ្លាមនោះ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាដងទឹកជះ និងយកបំពង់ពន្លត់អគ្គីភ័យធ្វើការបាញ់ទប់ស្កាត់អណ្តាតភ្លើង ប៉ុន្តែហាក់គ្មានលទ្ធិផល វិជ្ជមាន ទើបពួកគាត់សម្រេចរាយការណ៍ទៅខាងលើ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញអគ្គីភ័យ អោយចុះអន្តរាគមន៍ភ្លាមៗ ។
ភ្លាមនោះ រថយន្តពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿងបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការប្រើប្រាស់អស់ទឹកចំនួន ២គ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍ បាន ១០០ភាគរយ មិនបណ្តាលអោយមានការឆាបឆេះរាលដាលខ្លាំងខ្លា ឬរាលដាលចូលដល់លំនៅឋានប្រជាពលរដ្ឋដទៃ ដែលរស់នៅក្បែរនោះ ។
សូមបញ្ជាក់ថា ក្នុងការឆាបឆេះខាងលើនេះដែរ សមត្ថកិច្ចអះអាងថា គឺមកពី ទុស្សេចរន្តអគ្គីសនី ។ ហើយការឆាបឆេះនេះ បានបណ្តាលអោយមានការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែមិនមានបណ្តាលអោយមានមនុស្សរងរបួសឡើយ ៕
ឆ្លងចរន្តអគ្គីសនី បង្កជាអណ្តាតភ្លើង ឆាបឆេះផ្ទះល្វែងជាន់ទី១ មួយ...ឆ្លងចរន្តអគ្គីសនី បង្កជាអណ្តាតភ្លើង ឆាបឆេះផ្ទះល្វែងជាន់ទី១ មួយដង្ហើមចង្រិតhttp://vokc.org/article/571
Posted by VOKC News on Monday, March 7, 2016


