គ្រោះធម្មជាតិវាយប្រហារប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសថៃ បង្ករឲ្យមានលិចលងតំបន់មួយចំនួនក្នុងក្រុងបាងកក់ ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងគឺប្រទេសស្រីល័ង្ការ ដោយមកទល់ពេលនេះមានអ្នកស្លាប់កើតឡើងដល់ទៅ១៦៤ និងបាត់ខ្លួន ១០៤នាក់។
សារព័ត៌មាន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដោយដកស្រងការប្រកាស ពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់នៅក្នុងប្រទេសស្រីល័ង្កា និងបង្កឲ្យមានករណីបាក់ដីហូរច្រោះ បានកើនឡើង១៦៤នាក់ហើយ ។ រីឯពលរដ្ឋចំនួន ១០៤នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។
គ្រោះទឹកជំនន់ខាងលើ បណ្តាលឲ្យពលរដ្ឋប្រមាណជាង ៤០០.០០០នាក់ រងនូវផលប៉ះពាល់ដោយសារ តែមានភ្លៀងធ្លាក់ចុះ និងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋប្រមាណជាង ១០០.០០០នាក់ ត្រូវបានប្តូរទីតាំងទៅកាន់ទីតាំង មានសុវត្ថិភាពចំនួន ៣០៤កន្លែង នៅទូទាំងប្រទេស ។
នៅព្រឹកថ្ងៃទី២៩ខែឧសភា នេះដែរ មជ្ឈមណ្ឌលគ្រប់គ្រងឧតុនិយម បានព្រមានថា នឹងមានភ្លៀងធ្លាក់ យ៉ាងខ្លាំងជាបន្តបន្ទាប់ លាយឡំនឹងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋដែលរស់នៅ ក្នុងតំបន់វាលទំនាប ដែលស្ថិតនៅភាគខាងត្បូង ប្រទេសស្រីល័ង្កា ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញ ដោយសារតែមានការគំរាម ខ្លាំងពីលំហូរនៃទឹកទន្លេ ៕