មានករណីផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា នៅស្ថានីយ៍រថយន្តក្រុងក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃទី ២៤ ខែឧសភា បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់និង១០នាក់រងរបួស។
ហេតុការខាងលើ បង្ករឲ្យមានភាពចលាចលនៅក្នុងតំបន់ភាគខាងកើតទីក្រុងចាការតា ។ សារព័ត៌មាន Channel news Asia បានផ្សាយថា តាមប្រភពព័ត៌មានពេលដំបូងពីក្រុមអ្នកស្រាវជ្រាវ បង្ហាញឲ្យឃើញថា ជនវាយប្រហារខាងលើធ្វើឡើងដោយ ជនវាយប្រហារអត្តឃាត។ អ្នកស្លាប់ ទំាង៥នាក់ មាន ប៉ូលិស៣នាក់និង ជនវាយប្រហារអត្តឃាតពីរនាក់ ។
ក្រៅពីនេះក៏មានមនុស្ស ១០នាក់រងរបួសផងដែរ ភាគច្រើនជាពលរដ្ឋ។ការវាយប្រហារកើតឡើង ក្នុងពេលដែល មានមនុស្សជាច្រើន រងចាំធ្វើដំណើរ នៅស្ថានីយរថយន្តក្រុង។
លោកស្រី Pasmi អាយុ៥៥ឆ្នាំ ជាអាជីវករលក់ផ្លែឈើ នៅចម្ងាយពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្របានឲ្យដឹងថា«ការផ្ទុះលើកដំបូង បង្ករឲ្យមានសម្លេងយ៉ាងខ្លាំង និងការផ្ទុះលើកទីពីរ មានសម្លេងតូចជាង បង្ករឲ្យមានផ្សេងខ្មៅ ខ្មួរខ្មាញ់នៅកន្លែងកើតហេតុ។ មនុស្សនៅទីនោះស្រែកថាមាន គ្រាប់បែក ៗ ហើយរត់ឆ្លេយឆ្លាពេញទីនោះតែម្តង»។
ការវាយប្រហារគ្រាប់បែកកើតឡើងចំពេលដែលប៉ូលិសការពារ ក្រុមអ្នកដង្ហែរក្បួនឆ្លងកាត់ ចំណត់រថយន្តក្រុង Kampung Melayu ។ ភ្លាមៗនោះប៉ូលិស ទីក្រុង ចាការតា បានឡោមព័ទ្ធទីនោះ ហើយរុករកខ្លាចមានគ្រាប់បែកផ្សេងទៀតដែលជនដៃដល់បង្កៃនៅទីនោះ។
នៅពេលនេះមិនទាន់មាន ក្រុមណាមួយចេញមុខទទួលស្គល់នៅឡើយ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ មន្ត្រីក្នុងតំបន់បានប្រមានពីសកម្មភាពវាយប្រហារភេរវកម្ម បង្ករឡើងដោយក្រុមភេរវកម្ម មានទំនាក់ទំនងជាមួយក្រុម IS នៅក្នុងប្រទេសស៊ីរី៕