MENU
|
ក្រុមភេរវកម្មម៉ៅទេ ដែលមានភាពស្មោះត្រងនិងក្រុមអិស្លាម IS ទើបតែបានវាយប្រហារបណ្តេញកម្លាំងទាហានពិសេសរបស់ហ្វីលីពីនចេញពីទីតាំងដែលខ្លួនគ្រប់គ្រង។ ការបរាជ័យរបស់កម្លាំងទាហានហ្វីលីពីន និងជ័យជំនៈរបស់ក្រុមភេរវកម្ម ម៉ៅទេ កើតឡើងចំពេលដែលក្រុម IS ព្យាយាម បង្កើតតំបន់គ្រប់គ្រងនៅតំបន់អាស៊ានក្រោយពេលទីតាំងរបស់ពួគគេនៅ ស៊ីរីនិងអីរ៉ាក់កំពុងតែបាត់បង់បន្តិចម្តងៗ។
កាលពីថ្ងៃទី២៦ខែឧសភា រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ប្រទេសរបស់ខ្លួន កំពុងតែត្រូវបាន ក្រុមភេរវកម្ម ឈ្លានពាន។ នៅពេលនេះ៣ភាគ៤នៃទីក្រុង ម៉ារ៉ាវីដែលមានពលរដ្ឋ ប្រមាណ២សែននាក់រស់នៅ ស្ថិតនៅភាគខាងត្បូងកោះមីនដាណាវ ត្រូវបានក្រុមម៉ៅទេនិងគ្រុម អាប៊ូ សាយ៉ាហ្វ គ្រប់គ្រង ។ នៅក្នុងសារផ្ញើទៅកាន់រដ្ឋសភា លោកឌូទើរទេ បានបញ្ចាក់ថា កម្លាំងក្រុមភេរវកម្ម បានរំដោះអ្នកទោស និង គ្រប់គ្រងទីតាំងជាច្រើនក្នុងនោះមានស្ពាន៣ធំៗ។
កម្លាំងភេវកម្មនៅពេលនេះកំពុងតែ ស្វែងរកនឹងបណ្តេញអ្នកកាន់សាសាន គ្រឹស្ត ចេញពីទីក្រុងម៉ារ៉ាវីផងដែរ ដោយក្រុមនេះស្វែងរកចាប់ខ្លួនអ្នកកាន់សាសនាគ្រឹស្តមកធ្វើជារនាំងការពារ សម្រាប់វាយប្រហារជាមួយកម្លាំងទាហានហ្វីលីពីន។
តាមតួលេខដែលកម្លាំងទាហានហ្វីលីពីនបានផ្តាល់ មកទលពេលនេះមានមនុស្ស ៤២នាក់ស្លាប់ ។
កម្លាំងខ្មាន់កំាភ្លើងម៉ៅទេ គឺជាក្រុមដែលមានសម្ថភាព ធ្វើសង្គ្រាមអាចទប់ទលនិងការវាយប្រហាររបស់កម្លាំងទាហានរដ្ឋាភីបាល ។បច្ចុប្បន្នក្រុមអាប៊ូសាយ៉ាហ្វ ដែលមានទំនាក់ទំនងជិតស្និតនិងក្រុម IS ក៏បានចូលរួមជួយដល់ក្រុមម៉ៅទេ ក្នុងការវាយប្រហារទៅលើទាហានរដ្ឋាភិបាលហ្វីលីពីន។ តាមរបាយការចារកម្ម ហ្វីលីពីន បានឲ្យដឹងថា មេដឹកនាំក្រុមភេរវកម្មឈ្មោះ Isnilon Hapilon ជាអ្នកប្តេជ្ញាស្មោះត្រងជាមួយក្រុម IS ដែលមានរហ័សនាមថា Daesh ត្រូវបានក្រុមភេរវកម្មIS ជឿទុកចិត្ត ឲ្យដឹកនាំ បង្កើតទីតាំងគ្រប់គ្រងនៅហ្វីលីពីន។ កាលពីឆ្នាំ២០០៥ ក្រសួងហិរញ្ញវត្ថុអាមេរិកបានរិបអូសទ្រព្យសម្បត្តិ របស់ Hapilon ដោយសារតែមានសកម្មភាព ពាក់ព័ន្ធនិងក្រុមភេរវកម្ម ក្នុងនោះមានទំនាក់ទំនងជាមួយអូស្មាន ប៊ីនឡាឌិនទៀតផង។
កាលពីថ្ងៃទី២៣ខែឧសភា កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារ ទៅលើទីបញ្ចាការរបស់មេដឹកនាំក្រុមភេរវកម្ម Hapilon ប៉ុន្តេ ការវាយប្រហារនោះត្រូវបាន ក្រុមភេរវកម្មវាយមកវិញ ធ្វើឲ្យទាហានរដ្ឋាភិបាលបរាជ័យ។ នៅពេលនេះក្រុម IS បានដាក់ទង់ជាតិនៅគ្រប់ទិសទីក្នុងទីក្រុង ម៉ារ៉ាវី។
កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារជាទ្រងទ្រាយធំ កាលពីថ្ងៃទី ២៥ខែឧសភា ក្នុងគោលដៅ បណ្តេញក្រុម IS ចេញពីទីក្រុងម៉ារ៉ាវី។ប៉ុន្តែទាហានហ្វីលីពីនរងការវាយបកយ៉ាងខ្លាំង បណ្តាលឲ្យទាហាន៦នាក់ស្លាប់និងរងរបួសជាច្រើន ។ ក្រុម IS បានបណ្តេញទាហានហ្វីលីពីនចេញពីទីក្រុង ខាងលើ។
កាលពីថ្ងៃទី២៦ខែឧសភា ការវាយប្រហារនៅតែបន្តកើតឡើងនៅទីក្រុងម៉ារ៉ាវី ដោយខ្មាន់កាំភ្លើងក្រុម IS វាយប្រហារ បំផ្លាញរថពាសដែករបស់កម្លាំងទាហានហ្វីលីពីន និងដុតបំផ្លាញទីតាំងយោធា នៅជាយក្រុងផងដែរ។
ដើម្បីវាយប្រហារយកឈ្នះក្រុមភេរវកម្ម ហ្វីលីពីនបានបញ្ចូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើនទៀត ដើម្បីដណ្តើមទីក្រុងខាងលើមកវិញ។
កម្លាំងទាហាន ហ្វីលីពីនកំពុងតែ ស្វែករកចាប់ខ្លួនមេដឹកនាំ អាប៊ូសាយ៉ាហ្វ និង Hapilon ដែលដឹកនាំខ្មាន់កំាភ្លើងជាង ៥០០នាក់គ្រប់គ្រងទីក្រុងនេះ។ ក្រុម IS កំពុងតែដាក់ក្តីសង្ឃឹម ប្រែក្លាយទីក្រុងម៉ារ៉ាវី ទៅជាទីតាំគ្រប់គ្រងរបស់ក្រុមនេះនៅតំបន់អាស៊ាន។ ក្រុមអ្នកកាន់សាសនាអិស្លាមនិកាយសាន់នី រាប់រយនាក់ ស្ម័គចិត្តចូលរួមជាមួយក្រុម IS នៅម៉ារ៉ាវី ក្នុងនោះមានទាំងអ្នកទោសជាច្រើនត្រូវក្រុមនេះរំដោះចេញពីមន្ទីឃុំឃាំង កាលពីថ្ងៃទី២៤ខែឧសភាផងដែរ។
មេបញ្ចាការ ខ្មាន់កាំភ្លើង ក្រុមភេរវកម្មនៅម៉ារ៉ាវីនាពេលនេះគឺ លោក Isnilon Hapilon អ្នកផ្សព្វផ្សាយទស្សនអិស្លាម ដែលនិយាយភាអារ៉ាប។ លោកមានភាពល្បីឈ្មោះដោយសារតែសម្ថភាពដឹកនាំការវាយប្រហារ ដោយជោគជ័យ។ មេដឹកនាំខាងលើមានទំនាក់ទំនង យ៉ាងជិតស្និតជាមួយក្រុមឧទ្ទាមផ្សេងទៀត ដើម្បីសហការ បង្កើតកម្លាំងកាន់តែខ្លាំងនៅតំបន់អាស៊ីភាគអាគ្នេហ៍។
Hapilon ជាមេដឹកនាំក្រុម Abu Sayyaf ជាក្រុមបានស្បថ ស្មោះត្រងនិង ក្រុម IS កាលពីឆ្នាំ២០១៤។ Hapilon បានដឹកនាំក្រុមភេរវកម្ម តូចៗជាង១០ក្រុម ក្នុងនោះមានក្រុមម៉ៅទេជាដើម។
ឧត្តមសេនី Restituto Padilla មេបញ្ចាការកងទ័ពវាយប្រហារនៅទីក្រុងម៉ារ៉ាវីបានឲ្យដឹងថា ក្រុមនេះបានវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងម៉ារ៉ាវី គឺដើម្បីទទួលបានការគាំទ្រពីក្រុម IS និងផ្តល់ហិរញ្ញវត្ថុ ពីក្រុមភេរវកម្មនៅលើពិភពលោក។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បាន ប្រកាសផ្តល់ប្រាក់រង្វាន់៥លានដុល្លារដល់អ្នកណាដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនឬសម្លាប់ Hapilon ។ទាហានហ្វីលីពីនធ្លាប់បានវាយប្រហារ បណ្តាលឲ្យHapilon រងរបួសម្តងរួចមកហើយកាលពីខែមករា ប៉ុន្តែបានរត់រួច។ នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៧ ទាហានហ្វីលីពីនក៏វាយប្រហារ ទីតាំងរបស់Hapilon តែពេលនោះត្រូវ កម្លាំង Hapilon វាយបកវិញ ហើយក៏គេចខ្លួនបាត់ទៅ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថាប្រសិនបើក្រុមនេះ គ្រប់គ្រងហ្វីលីពីនបានជោគជ័យនោះ តំបន់អាស៊ីភាគអាគ្នេហ៍ទាំងមូលប្រឈមនៅអសន្តិសុខ ដោយការវាយប្រហារ ពង្រីកទីតាំងគ្រប់គ្រង ក៏ដូចជាចាប់ជំរិតយកប្រាក់ដើម្បី ចិញ្ចឹមក្រុម ភេរវកម្ម។ នៅពេលនេះក្រុមភេរវកម្មបង្កើនការវាយប្រហារនៅក្នុងប្រទេសមួយចំនួនក្រៅពីហ្វីលីពីនក្នុងនោះមានឥណ្ឌូនេស៊ី ថៃជាដើម៕