រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាជំនុំជំម្រះ នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្នោះ OLISANWANDU ECHEZONA SAMUEL ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ាដាក់ពន្ធនាគារ៥ឆ្នាំក្រោមការចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៦នៅរាជធានីភ្នំពេញ ដកហូតបានថ្នាំញៀន ចំនួន ៤៤.១៦ក្រាម។
នៅពេលសវនាការកាលពីថ្ងៃទី១១ឧសភា ជនជាប់ចោទឈ្នោះ OLISANWANDU ECHEZONA SAMUEL ភេទប្រុស អាយុ៣៤ឆ្នាំ បានឆ្លើយថាក្នុងសំណុំជួញដូរគ្រឿង ញៀននេះខ្លួនមិន បានដឹងទេ សូមបដិសេធ ដោយខ្លួនមកប្រទេសកម្ពុជានេះគឺមកលេងបាល់ទាត់តែប៉ុណ្ណោះ ហើយដោយសារតែដល់ថ្ងៃត្រូវបង់លុយថ្លៃផ្ទះជួលខ្លួនបានជួបឈ្មោះ ជោ ហើយសូមខ្ចី លុយ ១០០ដុល្លារ តែជោថាគ្មានលុយទេហើយពេលនោះ បានប្រើឲ្យខ្ញុំយលស្រោម សំបុត្រមួយទៅឲ្យគេនៅចោមចៅដោយនិយាយថាជាប៉ះស្ព័រ ពេលនោះខ្ញុំក៏បានយកទៅឲ្យគេ បានប្រហែល ជាកន្លះម៉ោងខ្ញុំបានមកផ្ទះជួលវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
តំណាងអយ្យការលោក គុជ គឹមឡុង ធ្វើសេចក្តីសន្និដ្ឋាននៅតែ តម្កល់បទចោទប្រកាន់នៅដដែលពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននឹងសូមឲ្យលោកចៅក្រមផ្តន្ទាទោស ជនជាប់ចោទទៅតាមផ្លូវច្បាប់។