រាជធានីភ្នំពេញ៖ ដោយនិស្ស័យស្រឡាញ់សិល្បៈវណ្ណា វត្តីមិនខ្ចីអើពើនឹងអណាចស្នេហ៍ថៅកែមួយរូបលាក់មុខឡើយព្រោះនាងបាត់មុខសិល្បៈយូរទើបប្រឹងសាងស្នាដៃវិញម្តងទៀតដើម្បីលេចធ្លោ។
ទើបតែវិលមកប្រឡូកសិល្បៈពេញទំហឹងជាថ្មីហើយទទួលបានឱកាសសម្ដែងភាពយន្តជាបន្តបន្ទាប់ព្រមទាំងបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មBN ផងនោះ តាមដំណឹងថា កញ្ញាវណ្ណា វត្តី កំពុងត្រូវបានថៅកែថែទ្រព្យស្ដុកម្នាក់តាមថ្ពក់ស្នេហ៍យ៉ាងស្អិត។
កញ្ញា វណ្ណា វត្តី បានបោះជំហានចូលប្រឡូកសិល្បៈតាំងពីអំឡុងឆ្នាំ២០០៩ ដែលត្រូវបានគេស្គាល់តាមរយៈការសម្ដែងភាពយន្តមួយចំនួនប៉ុន្តែខណៈដែលកេរ្តិ៍កំពុងតែស្ទុះឡើងស្រាប់តែដកថយពីវិថីសិល្បៈមួយរយៈធំគឺទើបវិលមកលេងជាថ្មីខ្ទង់១ឆ្នាំ ចុងក្រោយនេះ។ប៉ុន្តែខណៈដែលកំពុងលេចមុខគួរសមទាំងការសម្ដែង ភាពយន្តនិងបានចូលច្រៀងនៅផលិតកម្មBN ផងនោះស្រាប់តែប៉ះនឹងដំណឹងថា នាងកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយថៅកែក្រុមហ៊ុនមួយនៅប្រទេសថៃ។
វត្តី បានឲ្យដឹងថា នាងធ្លាប់សម្ដែងភាពយន្តបានជិត១០រឿងមកហើយ ហើយការដែលនាងបាត់មុខមួយរយៈដោយ សារតែនាងជាប់រវល់លើការពង្រឹងមុខជំនួញរកស៊ីតែការចូលប្រឡូកជាថ្មីនេះនាងនឹងប្រឹងប្រែងមិនរត់ចោលសិល្បៈទៀតទេត្បិតអីមួយរយៈចុងក្រោយនេះនាងបានចេញថតភាពយន្តជាហូរហែនិងបានចេញបទចម្រៀងស្នាដៃថ្មី(Original song)នៅBN ជាបន្តបន្ទាប់ផងដែរជាមួយការរំពឹងថា នឹងដណ្ដើមបានភាពលេចធ្លោនៅក្នុងសង្វៀនសិល្បៈទាំងផ្នែកសម្ដែងនិងចម្រៀង។
ក្រៅពីអាជីពសិល្បៈនិងរកស៊ីទទួលកម្មង់ឥវ៉ាន់មកពីប្រទេសថៃកញ្ញា វណ្ណា វត្តី បានឲ្យដឹងថានាងក៏ជាថៅកែខុនដូមួយកន្លែង នៅខាងក្រោយវត្តសន្សំកុសល្យផងដែរខណៈទំនាក់ទំនងរវាងនាងជាមួយថៅកែថៃមិនទាន់ក្លាយជាដៃគូស្នេហាពិតប្រាកដនោះទេគឺកំពុងស្ថិតក្នុងដំណាក់កាលពិចារណាសំណើរស្នេហ៍៕