មណ្ឌលគិរី : ទីតាំងឃ្លាំងផ្ទុុកគ្រេឿងសង្ហារឹមមួយកន្លែង ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកឧត្តសេនីយ៍ញ៉ែម វ៉ាន់នី អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវមហន្តរាយអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បំផ្លាញទាំងទីតាំង និងទ្រព្យសម្បត្តិជាគ្រឿងសង្ហារឹមក្នុងឃ្លាំងនោះខូចខាតស្ទើរ ១០០ភាគរយ ។
ហេតុការណ៍អគ្គីភ័យនេះ កើតឡើងនាវេលាម៉ោង ១៦ និង០០នាទីល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិដោះក្រម សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
មន្ត្រីនគរបាលអោយដឹងថា ទីតាំងឃ្លាំងខាងលើ គឺផ្ទុកពេញទៅដោយគ្រឿងសង្ហារឹមមួយចំនួន ដូចជា ទ្វា បង្អួច ជាដើមដែលភាគច្រើនសង់ឡើងពីឈើ ។ ទីតាំងខាងលើ មានទំហំ ៦គុណ២០ម៉ែត្រ សង់ឡើងអំពីឈើប្រក់សង្ក័សី ដែលមានម្ចាស់ជា អតីតស្នងការនគរបាលខេត្ត គឺលោកឧត្តមសេនីយ៍ញ៉ែម វ៉ាន់នី ។
ក្នុងការឆាបឆេះនេះ បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួនដែលធ្វើឡើងពីឈើទាំងអស់ រួមមាន : ទ្វាធ្វើរួចអស់ចំនួន ២០សន្លឹក , បង្អួចអស់ចំនួន ២៣សន្លឹក , កូនក្រឡីង និងឈើកែឆ្នៃរួចមួយចំនួនធំទៀត ។ ក្នុងនោះទីតាំងត្រូវឆាបឆេះស្ទើរ១០០ភាគរយ ។
ក្នុងករណីដដែល សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ២គ្រឿង ឡើងចុះចំនួន៦លើក ។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពី មានមនុស្សលួចដុតសម្រាមដែលគេគរទុកចោលនៅក្បែរនោះ ៕