MENU
|
រាជធានីភ្នំពេញ៖ ស្នាដៃរឿងភាគថ្មីមួយទៀតដែលជាវណ្ណកម្មថ្មីរបស់ទូរទស្សន៍ប៉ុស្តីលេខ៥បានចេញជារូបរាងក្រោយពិធីបុណ្យចូលឆ្នាំថ្មីរំលងទៅសើមៗ។រឿង«ចម្ការម្លប់ស្នេហ៍»បានដាក់ពិធីក្រុងពលីកាលពីព្រឹកថ្ងៃទី២០ មេសា ឆ្នាំ២០១៧នាសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញដោយមានតារាល្បីៗជាច្រើនចូលរួមផងដែរ។
រឿង "ចម្ការម្លប់ស្នេហ៍" នេះដែរគឺជាខ្សែភាពយន្តភាគលើកទី៧ ដែលប៉ុស្តិ៍លេខ៥ បានផលិតដោយខ្លួនឯងផ្ទាល់មាន ៣២ ភាគ ចូលរួមសម្ដែងដោយ លោក ជា លាងឈែ កញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាង ឆ័យលី ដាឡែន លោក ស្រ៊េន វុត្ថា លោក លាង ឧត្តម លោក អ៊ុក សុភក្រ័រិទ្ឋ លោកយន់ សុភក្ត្រ័ និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត។
តួឯកស្រីកញ្ញាយ៉ែម ស្រីពេជ្រ និយាយថានាងសម្រេចចិត្តកុងត្រាផ្ដាច់ខ្លួនឲ្យប៉ុស្ដិ៍លេខ៥ចំនួន៣ឆ្នាំ ដោយមកទល់ពេលនេះកុងត្រារបស់នាងរសាត់បានចំនួន១ឆ្នាំហើយ ទើបនាងរមែងទទួលបានតំណែងតួឯកយ៉ាងចម្លែកក្នុងបណ្ដាភាពយន្តដែលដឹកនាំដោយផលិតករថៃ ដែលជាក្រុមផលិតរឿងពេញសិទ្ធិរបស់ប៉ុស្ដិ៍លេខ៥។ នាងថាខ្លួនមិនអាចទទួលថតរឿងឲ្យប៉ុស្ដិ៍ផ្សេងបានទេ ដោយសូម្បីតែធ្វើពិធីការិនីចេញមុខនៅលើប៉ុស្ដិ៍ផ្សេងក៏មិនបានដូចគ្នា។ យ៉ាងណាមិញនាងថា ប៉ុស្ដិ៍លេខ៥បានផ្ដល់ប្រាក់ខែគោលឲ្យនាងមិនខុសពីបុគ្គលិកទូទៅ ហើយទទួលបានតម្លៃខ្លួនគ្រប់ពេលថតរឿង និងថតកម្មវិធីផ្សេងៗ។ នាងថាខ្លួនទទួលលក្ខណ្ឌសម្ដែងរឿងភាគយ៉ាងតិច៣រឿងនៅប៉ុស្ដិ៍លេខ៥ ទើបនាងយល់ថាកុងត្រាផ្ដាច់ខ្លួនរបស់ខ្លួនគឺជាផែនការជួយឲ្យនាងឡើងកូដ។ នាងថាតារាស្រុកខ្មែរមិនមានច្រើនទេ ដែលត្រូវបានប៉ុស្ដិ៍លេខ៥កុងត្រាយក ខណ:ដែលនាងយល់ថានេះជាឱកាសដែលនាងបានខ្នងបង្អែកយ៉ាងក្រាស់ មិនភ័យរឿងអត់រឿងសម្ដែង និងអត់ប្រាក់ចំណូលបើធ្វើជាតារាដែលរង់ចាំឲ្យតែខាងផលិតករហៅថតប៉ាតណាប៉ាតណី។ នាងយល់ថាកុងត្រា៣ឆ្នាំនៅប៉ុស្ដិ៍លេខ៥ គឺជាផ្លូវមួយត្រូវ ក្នុងពេលដែលកិច្ចកុងត្រានៅសល់រហូតដល់២ឆ្នាំទៀត ប៉ុន្តែរូបនាងទទួលបានឱកាសឡើងកូដទៅហើយ។
តាមលោក ជា លាងឈែ ថា រឿងនេះ ប្រភេទខ្សែភាពយន្តភាគបែបកាច់កុងឌឺដងរវាងតួឯកប្រុស និងតួឯកស្រី កើតឡើងនៅចម្ការ។ ជួបគ្នាពេលណារករឿងគ្នាគ្រប់ពេល ដោយតួឯកប្រុសត្រូវបានតួឯកស្រីវាយឲ្យរងរបួសជាច្រើនលើកច្រើនសារ។ រឿង "ចម្ការម្លប់ស្នេហ៍" នឹងត្រូវចេញថតនៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៧ខាងមុខនេះដោយប្រើពេលវេលាថតរយៈពេល៣ខែ៕