រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍សមត្ថកិច្ចនាយកដ្ឋានបង្ការ និងពន្លត់គ្រោះមហន្តរាយអគ្គីភ័យ រយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣ ដល់ ១៥មេសា ២០១៧ មានករណីអគ្គីភ័យកើតឡើងទូទាំងប្រទេសសរុបទាំងអស់ចំនួន ៤លើក នៅក្នុងភូមិសាស្ត្រ៤ខេត្តផ្សេងៗគ្នា ។
ករណីទាំង៤នោះកើតឡើងក្នុងខេត្ត ខេត្តកំពង់ស្ពឺ ០១លើក ខេត្តព្រៃវែង ០១លើក ខេត្តរតនគិរី ០១លើក ខេត្តកំពត ០១លើក ។ ដែលការឆាបឆេះទាំង៤ករណីបានបណ្តាលអោយលំនៅឋានចំនួន៧ខ្នង សង់ឡើងពីឈើលើថ្មក្រោមប្រក់សង្ក័សី ត្រូវអណ្តាតភ្លើងឡេបត្របាក់គ្មានសល់ ។
ដោយឡែកសម្រាប់ សម្ភារះខូចខាតមាន ទូរទស្សន៍03គ្រឿង កុំព្យុទរ័02គ្រឿង ឧបករណ៍ធុងបាស 01ឈុត តុ2កៅអីជរ័ 80និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។
ចំពោះមូលហេតុ នៃការឆាបឆេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ០២ករណី ដុតទៀនធូប ០១ករណី មិនដឹងជាមូលហេតុ ០១ករណី។ក្នុងនោះដែរពុំមានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ ។
គួរបញ្ជាក់ថា បើប្រៀបធៀបទៅនឹងរយះពេលបីថ្ងៃដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ ករណីគ្រោះថ្នាក់អគ្គីភ័យមានការថយចុះចំនួន៨លើក ៕