រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ កីឡាករកាយសម្ព័ន្ធលោក សំ រីម បានចាកចេញពីមាតុប្រទេសហើយដើម្បីធ្វើការហ្វឹកហាត់នៅប្រទេសចិន រយៈពេលមួយខែដើម្បីត្រៀមទៅប្រកួត SEA GAME 2017 នៅម៉ាឡេស៊ីខាងមុខនេះ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ ដែលជូនដំណើរកូនសិស្សរបស់លោកបានរំលឹកថា កីឡាករ សំ រីម នឹងទទួលបានការហ្វឹកហាត់ នៅទីក្រុង Shantou ខេត្តGuangdong ជាមួយគ្រូរបស់ចិន និង កីឡាករចិននៅទីនោះ ។ សម្រាប់ការហ្វឹកហាត់នេះទទួលបានជួយឧបត្ថម្ភរបស់លោក Gordon Taing ដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រោមការជួយឧបត្ថម្ភពីក្រសួងអប់រំយុវជន និង កីឡា ។
អគ្គលេខារូបនេះបានបញ្ជាក់ថា លោកជូនដំណើរកីឡាកររូបនេះទៅដល់ចិនហើយត្រឡប់មកវិញ។ ការដែលលោកជូនដំណើរលើកនេះព្រោះ លោកចង់មើលពីបច្ចេកទេសរបស់កីឡាករចិននិង មើលកន្លែងហ្វឹកហាត់នៅទីនោះ ។ ឆ្នាំ២០១៨ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងមានគម្រោងអញ្ជើញគ្រូចិនមកជួយបង្ហាត់នៅស្រុកខ្មែរ ជាល្អប្រើសជាងការបញ្ជូនកីឡាករទៅហាត់នៅចិន ខណៈទាំងកីឡាករនិងក្មេងៗមានភារៈកិច្ចសិក្សាដែលគេមិនអាចចេញទៅហាត់ចោលការរៀនសូត្របានឡើយ។
លោក ណយ ផាណា បានប្រាប់ថា ដៃគូរភាគីប្រទេសចិន បានគេយល់ព្រមតាមសំណើររបស់កម្ពុជាហើយ នៅតែការសម្រេចចុងក្រោយបន្ទាប់មានការប្រជុំសមាជិកកណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ។ កីឡាករ សំ រីម មានអាយុ២២ឆ្នាំ ជាកីឡាករលេចធ្លោជាងគេក្នុង កីឡាកាយសម្ព័ន្ធArtistic ហើយ ធ្លាប់បានហ្វឹកហាត់នៅប្រទេសជប៉ុន និង ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើកផងដែរ៕ ដោយ បូរិន