រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តតាក់ស៊ីខ្មែរ បើកបរមិនគោរពភ្លើងស្ទុប ក៏បានបើកទៅបុកម៉ូតូរុឺម៉កកំពុងបើកឆ្លងផ្លូវ ចំម៉ូតូរុឺម៉កពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ៈ៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ហើយសំណាងល្អដែលមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរ ។
បើតាមសាក្សីពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនដំបូងមានបុរសម្នាក់បានបើកម៉ូតូរុឺម៉ក ដែលពាក់ស្លាកលេខភ្នំពេញ 1AU-0394 ដោយដឹកស្ត្រីម្នាក់និងក្មេងប្រុសស្រី២នាក់លើរុឺម៉កម៉ូតូ បានធ្វើដំណើតាមបណ្ដោយផ្លូវ១១០ ទិសដៅពីកើតទៅលិច ហើយឆ្លងផ្លូវព្រះនរោត្ដម ខណៈបើកឆ្លងផ្លូវជិតផុតទៅហើយនោះ ក៏មានរថយន្តតាក់ស៊ីខ្មែរ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 2AK-6311 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ហើយមិនគោរពភ្លើងស្ទុប ដោយភ្លើងស្ទុបនៅលោតពណ៌ក្រហម រួចក៏បានបើកបុករុឺម៉កម៉ូតូចំពីចហៀងពេញទំហឹងតែម្ដង បណ្ដាលឲ្យរុឺម៉កម៉ូតូក្រឡាប់ផ្ងារជើងឡើងច្រង៉ាង សំណាងល្អអ្នកបើករនិងជិះពីក្រោយរងរបួសស្រាល ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានសម្របសម្រួលគ្នាទេ ដោយពួកគេមានអុីនសារិនរៀងៗខ្លួន ។បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង យករថយន្តបង្ករួមទាំងម៉ូតូរុឺម៉ករងគ្រោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕