MENU
|
រាជធានីភ្នំពេញ៖ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០១៧បានចេញដីកាកោះអ្នកស្រី សំ សុខា អាយុ៣៨ឆ្នាំដើម្បីចូលទៅឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺឲ្យបានមុនថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧នៅមន្រ្តីនគរបាលយុត្តិធម៌នៃស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីសាកសួរដំណើររឿងបទប្រមាថនិងញុះញង់ឲ្យមានការរើសអើង។
ស្នងការខេត្តកំពង់ស្ពឺលោកសំ សាមួនបានថ្លែងថាលោកបានទទួលដីកាកោះពីតុលាការខេត្តកំពង់ស្ពឺដើម្បីស្វែងរកស្រ្តីឈ្មោះសំ សុខាប្រគល់ដីកាកោះនេះឲ្យគាត់មកចូលបំភ្លឺនៅមន្រ្តីនគរបាលយុត្តិធម៌នៃស្នងការនគរបាលខេត្តកំពង់ស្ពឺពីបទប្រមាថនិងញុះញង់ ឲ្យមានការរើសអើងនៅមុខថ្ងៃទី៨ខែមិថុនាខាងមុខ(តាមមាត្រា៥០២.មាត្រា៤៩៤និងមាត្រា៤៩៥ )។
លោកស្នងការមិនបានបញ្ជាក់ថាប៉ូលិសស្វែងរកចាប់ខ្លួនស្ត្រីជាជនសង្ស័យនេះទេនិងមិនហានបញ្ជាក់ថាស្រ្តីនេះជាសកម្មជននៃគណបក្សនយោបាយណាមួយនៅឡើយទេ។តែលោកបានអះអាងស្រ្តីនោះសង្ស័យ យកស្បែកជើងគប់ស្លាកគណបក្សប្រជាជន មានរូបសម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ។
ចំពោះអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយថាស្រ្តីឈ្មោះសំ សុខាមានស្រុកកំណើតនៅខេត្តតាកែវនិងបច្ចុប្បន្នមកស្នាក់នៅក្រុងច្បារមនខេត្តកំពុងស្ពឺ។កំពុងតែស្វែងរកស្ត្រីរូបនេះដែលបានដោះស្បែកជើងគប់ទៅលើរូបសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចហេង សំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
អាជ្ញាធរអះអាងថា ការស្វែងរកស្ត្រីម្នាក់នេះបន្ទាប់ពីមានការបង្ហោះវីដេអូសកម្មភាពស្ត្រីរូបនោះដោះស្បែកជើងគប់លើផ្ទាំងប៉ាណូគណបក្សប្រជាជនដែលមានរូបសម្តេចតេជោនិងសម្តេច ហេង សំរិន និងជេរប្រមាថ។មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថាគេសង្ស័យថា ស្ត្រីដែលសមត្ថកិច្ចស្វែងរកឈ្មោះ សំ សុខា ជាសកម្មជនគណបក្សសង្គ្រោះជាតិ។
លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៩ខែមេសាឆ្នាំ២០១៧នេះបានថ្លែងថាស្រ្តីម្នាក់ដែលយកស្បែកជើងគប់លើឡូហ្គោគណបក្សប្រជាជនកម្ពុជាដែលមានរូបសម្តេចហ៊ុន សែននាយករដ្ឋនិងសម្តេចហេងសំរិនជាសកម្មភាពប្រមាថដល់ថ្នាក់ប្រទេសនិងរដ្ឋសភា។
លោក សុខ ឥសានបានលើកឡើងថាមិនថាអ្នកណាទេឬមកពីបក្សណាទេនេះជា”អំពើប្រមាថ”។លោកថា៖លោកមិនទាន់បានទទួលព័ត៌មានច្បាស់ពីគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺទេ។តែលោកបានមើលតាមបណ្តាញសារព័ត៌មានផ្សាយថាតុលាការបានចេញដីកាកោះស្រ្តីឈ្មោះសំ សុខា ឲ្យចូលខ្លួនទីបំភ្លឺនៅអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺហើយ។
លោកយ៉ែម បុញ្ញឫទ្ធិអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០១៧នេះមិនអាចសុំការពន្យល់បានទេចំពោះការអះអាងថាអ្នកស្រីសំ សុខាជាសកម្មជនគណបក្សសង្រ្តោះជាតិព្រោះទូរស័ព្ទរបស់លោកហៅចូលតែគ្មានមនុស្សទទួល។