ខេត្តកំពង់ចាម៖ បុរសម្នាក់ត្រូវបានដេកស្លាប់ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបខ្លួនឈ្លោះប្រកែកជាមួយប្រពន្ធរួចកើតចិត្តខឹងសម្បាទិញសាំងចាក់ដុតផ្ទះខ្លួនឯងឆេះហ្មត់គ្មានសល់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះផាន់ អាន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះបេន ហ៊ុចអាយុ៥២ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិកើតហេតុខាងលើ។ ករណីនេះបណ្ដាលឲ្យផ្ទះជនរងគ្រោះ ១ខ្នងដែលមានទំហំ៦x៨ម៉ែត្រ សាងសង់អំពីឈើ ប្រក់ស័ង្កសី ត្រូវរងការខូចខាតទាំងស្រុង។
មន្ត្រីនគរបាលអោយដឹងថា មូលហេតុគឺ ឈ្មោះផាន់ អាន និងប្រពន្ធបានឈ្លោះប្រកែកគ្នា ម្យ៉ាងទៀតប្តីមានជំងឹសសៃប្រាសាទ ទើបកើតចិត្តខឹងសម្បាយសម្រេចទិញសាំងមកដុតផ្ទះដោយខ្លួនឯងចោល ហើយត្រូវស្លាប់ក្នុងភ្លក់ភ្លើងតែម្តងទៅ ។
ក្រោយការអន្តរាគមន៍ពន្លត់អណ្តាតភ្លើងឆេះរួច សមត្ថកិច្ចបានឃេីញសាកសពជនរងគ្រោះឆេះឡើងរួញក្រញ៉ង់នៅក្នុងគំនរផេះ ហើយប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ លីហេង