រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់បានភ្លាមៗនៅនិងកន្លែងកើតហេតុ តាមបណ្ដោយផ្លូវវេងស្រេង ទល់មុខនិងបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណះពេលដែរជនរងគ្រោះជិះម៉ូតូម្នាក់ឯងយ៉ាងលឿនទៅបុកនិងទ្រូងផ្លូវពេញទំហឹងរួចបោកក្បាលនិងថ្នល់ស្លាប់ កាលពីវេលាម៉ោង៣រំលងអាធ្រាត ឈានចូលថ្ងៃទី២ ឧសភា ២០១៧នេះ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ វ័យ និត ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឃុំ ព្រៃអង្គុញ ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយជិះម៉ូតូម៉ាកMSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GG. 6738 ។
តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ បុរសរងគ្រោះរូបនោះបានជិះម៉ូតូម្នាក់ឯងមកពីផ្លូវព្រះមុន្នីរ៉េត ឆ្ពោះមកផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់កន្លែងកើតហេតុ ស្ថានភាពផ្លូវកោងផងនោះ ធ្វើឲ្យជនរងគ្រោះជ្រុលចង្កូតទៅបុកនិងទ្រូងផ្លូវតែម្ដង បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូបានដួលអូសចេញពីជនរងគ្រោះជិត២០ម៉ែត្រ រងការខូចខាត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងដឹកសព យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យធ្វើការវាស់វែងយកទៅរក្សាទុក រងចាំសាច់ញាតិយកឯកសារត្រឹមត្រូវនិងប្រគល់ឲ្យវិញ៕