MENU
|
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន និងសម្ពោធមណ្ឌលកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបានសាងសង់រួចរាល់ក្នុងដំណាក់កាលទី១នេះ រួមមាន: មជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល ទីលានបាល់បោះ ទីលានបាល់ទះ និង អគារស្នាក់នៅរបស់អត្តពលិក។ ក្រៅពីការសម្ពោធហេដ្ឋារចនាសម្ព័ន្ធកីឡា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាកិត្តិយសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានបាល់ទាត់ ដែលជាការសាងសង់ក្នុងដំណាក់កាលទី២ផងដែរ។
នៅព្រឹកថ្ងៃទី០៤ខែមេសានេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់កីឡដ្ឋានធំ និងសម្ពោធដាក់អោយប្រើប្រាស់មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក ក្នុងពហុកីឡដ្ឋានមរតកតេជោ ស្ថិតនៅតំបន់អភិវឌ្ឍន៍លី យ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អោយដឹងថា មណ្ឌលកីឡាដែលសាងសង់រួចនិងត្រូវសម្ពោធដាក់អោយប្រើប្រើប្រាស់នាពេលនេះ មាន អាងហែលទឹកកម្រិតអន្តរជាតិ និង សាលសម្រាប់ប្រកួតកីឡា ។សម្រាប់អាងហែលទឹកមានចំនួន ៣ គឺអាងកំដៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និង អាងលោតទឹក ។ កន្លែងអង្គុយទស្សនាហែលទឹកមានចំនុះ៣.០០០នាក់ ។
ចំពោះអគារសម្រាប់ប្រកួតកីឡាក្នុងសាលមានកន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធ និងកីឡាផ្សេងៗទៀតដូច ជាបាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះនិងប្រភេទកីឡានានាជាច្រើនទៀត ។
ដោយឡែក អគារធំដែលត្រូវបុកគ្រឹះ កសាងបន្តនោះ មានចំណុះ៥៥.០០០នាក់ និង កន្លែងបម្រុង៥.០០០កន្លែង ព្រមទាំងប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុនោះ ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានមរតកតេជោ កសាងលើផ្ទៃដីទំហំ៨៥ហិកតា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គ្រោង ចំណាយទឹកប្រាក់ សាងសង់សរុប១៥៧លានដុល្លារ តាមការគ្រោង នៅឆ្នាំ២០២០ ឬ ២០២១ ពហុកីឡាដ្ឋាននេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង ៕