MENU
|
រាជធានីភ្នំពេញ៖ ផ្ទះវេលុយវីងនិងប្តូរប្រាក់មួយកន្លែងយឺហោ ស្រីពេជ្រត្រូវបានក្រុមចោរមានបក្ខពួក៣នាក់ ធ្វើសកម្មភាពភ្ជង់នឹងវាយប្លន់យកប្រាក់អស់ជាង១ម៉ឺនដុល្លានិងម៉ូតូ មួយគ្រឿងបន្ទាប់ពីជនរងគ្រោះត្រឡប់មកពីផ្សារមកដល់មុខផ្ទះ ក៏ត្រូវក្រុមប្លន់យកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ។
ហេតុការនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីល្ងាចជិតយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខB09 ផ្លូវបេតុងលេខ១០៥ ក្រុម២ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ តឹក វ៉ា ភេទប្រុស អាយុជិត ៦០ឆ្នាំ មានមុខរបរប្តូរលុយវីងនៅផ្សារឯកជនហាក់ ស្រ៊ាង ឡាក់គី ទួលសង្កែ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានត្រឡប់មកពីផ្សារប្តូរលុយនិងវីងនៅផ្សារខាងលើដោយជិះម៉ូតូ មួយគ្រឿង ម៉ាក វ៉េវ អ៉ី ២នាក់កូនស្រីឈ្មោះស្រីពេជ្រមានអាយុជាង ២០ឆ្នាំខណៈមកដល់មុខផ្ទះរបស់ខ្លួនក៏មានជនសង្ស័យ ៣នាក់ជិះម៉ូតូ ២គ្រឿងមិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាកមកភ្ជង់ នឹងគ្រៀកក វាយជនរងគ្រោះជាច្រើនដៃបណ្តើមយកកាបូបលុយ និងម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះឡើងជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។
ប្រភពបានរាយការណ៍បន្ថែមថា ទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមានប្រាក់ដុល្លានិងប្រាក់រៀលសរុបចំនួនជាង១ម៉ឺនដុល្លា ម៉ូតូ វ៉េវអ៉ី មួយគ្រឿង ទូរស័ព្ទដៃមួយចំនួននិងឯកសារមួយចំនួនបន្ទាប់ពីកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះទៅទីតាំងកើតហេតុហើយសមត្ថកិច្ចបានតែកំណត់ប៉ុណ្នោះ។
ប្រជាពលរដ្ឋបានសង្កេតឃើញថា នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមកនេះបទល្មើសប្លន់ជនរងគ្រោះតាមដងផ្លូវក៏ដូចជាប្លន់ដល់មុខផ្ទះចាប់ផ្តើមកើតកក្រើកឡើងវិញមុនចូលឆ្នាំទៀតហើយ៕