MENU
|
រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងមហាផ្ទៃបាននិយាយថាក្រុមចោរប្លន់ចំនួនបីនាក់ដែលបានប្លន់ទូរមាស និងដូរលុយ នៅខេត្តកំពង់ចាម ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនហើយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅខេត្តសៀមរាប រួចបញ្ជូនមកនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការ សាកសួររួចបញ្ជូនទៅតុលាការខេត្តកំពង់ចាមវិញដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់។
ឯកឧត្ដមឧត្ដមសេនីយឯក សុខ ខេមរិន្រ្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី១១ កុម្ភៈនេះ ថា ជនសង្ស័យទាំង៣នាក់នេះរួមមាន៖ ១ ឈ្មោះពៅ សំអឿន ភេទប្រុសអាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវែង សង្កាត់ពន់សាំង ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ, ២ឈ្មោះ សុខ ស៊ីនួន ភេទប្រុស និងទី៣ ស្រី សំអឿន (ហៅតាតឹង) ភេទ ប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯកឧត្ដមឧត្ដមសេនីយឯក បញ្ជាក់ថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៣នាក់នេះ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្លន់អាជីវករលក់មាស- ដូរប្រាក់ នៅចំណុចខាងលិចផ្សារកំពង់ចាម ភូមិ១២ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ពិតប្រាកដមែន ។
មុនធ្វើសកម្មភាពពួកគេបានណាត់ជួបគ្នានៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីរៀបចំ ផែនការ ប្លន់នៅកំពង់ចាម ក្រោយពីរៀបចំផែនការរួចហើយ ពួកគេបានធ្វើ ដំណើរទៅ ស្នាក់នៅផ្ទះ សំណាក់មួយកន្លែងនៅខេត្ដកំពង់ចាមមួយយប់ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ លុះព្រឹកឡើងបានថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគេក៏ចាប់ផ្តើម ធ្វើសកម្មភាព ស្ទាក់ប្លន់អាជីវករ លក់មាស និងដូរប្រាក់ ខណៈដែលជនរងគ្រោះចុះពីលើ រថយន្តដើរទៅកន្លែងលក់។
ឯកឧត្ដមឧត្ដមសេនីយឯក បន្តថា ក្រៅពីធ្វើសកម្មភាពប្លន់ខាងលើនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគេបានធ្វើសកម្មភាពលួចប្រាក់កន្លែងវីងចំនួន ០២ កន្លែង ស្ថិតនៅក្នុងភូមិ សាស្រ្ដ ខេត្ដកំពង់ធំ ហើយបន្ដដំណើរទៅធ្វើសកម្មភាពនៅក្នុងខេត្តសៀមរាប ក៌ត្រូវសមត្ថកិច្ច ឃាត់ខ្លួន តែម្តង។
គួររំលឹកថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៧៖០៥នាទី មានករណីប្លន់ប្រដាប់ អាវុធមួយបានកើតឡើង បង្កដោយជនល្មើសប្រដាប់ដោយអាវុធខ្លីចំនួន ២ដើម បានធ្វើ សកម្មភាពប្លន់អាជីវករលក់មាសដូប្រាក់ នៅចំណុចខាងលិចផ្សារកំពង់ចាម ភូមិ១២ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ក្រោយធ្វើសកម្មភាពរួចជនល្មើសបានឡើងជិះម៉ូតូគេចខ្លួនបាត់។ សម្ភារៈដែលបាត់បង់នោះរួមមាន៖ ប្រាក់ដុល្លារចំនួន៣ពាន់ដុល្លារ, ប្រាក់រៀលចំនួន៤លានរៀល, ប្រាក់បាតចំនួន១០ម៉ឺនបាត និងគ្រឿងអលង្កាមាស ផ្លាទីនមួយចំនួនទៀត៕