![]() |
MENU
|

ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធចំនួន៥គ្រាប់បានបន្លឺឡើងយ៉ាងរន្ទឺទៅលើផ្ទៃវេហា បន្ទាប់ពីបុរសម្នាក់ខឹងចិត្តនឹងប្រពន្ធរបស់ខ្លួន ទៅផឹកស៊ីផ្ទះអ្នកជិតខាងបានយកកាំភ្លើង AK ចេញពីក្នុងរថយន្តបាញ់រះឡើងបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង១៧ និង ៤០នាទីល្ងាចថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ២៦៤ ស្ថិតក្នុងបុរីសម្បត្តិមានហេង ក្នុងក្រុមទី១ ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
អធិការរងនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រីម៉ៅ សឿត អោយដឹងថា បុរសជាជនបង្កមានឈ្មោះ ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៃនាយកដ្ឋានមួយ ចំណុះអោយអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម បច្ចុប្បន្នមានទីលំនៅកន្លែងកើតហេតុ ។
លោកអធិការរងអោយដឹងថា ដំណើររឿងមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធ ( ពុំទាន់ស្គាល់ឈ្មោះ ) ត្រូវបានអ្នកជិតខាង ហៅទៅហូបចុកបន្តិចបន្តួច។ ស្របពេលនោះបុរសជាប្តីបានជិះរថយន្តមួយគ្រឿងម៉ាក High Lander ពណ៌ស មិនចាំស្លាកលេខ មកដល់ផ្ទះដោយឃើញបុរសជាប្តីមកដល់ស្ត្រីជាប្រពន្ធបានរត់មកផ្ទះ ។ ភ្លាមៗនោះបុរសជាប្តីបានសួរទៅប្រពន្ធថា មានបានផឹកស្រាឬអត់ .? ស្ត្រីជាប្រពន្ធបានតបទៅកាន់ប្តីថា ផឹកតែបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រោយស្តាប់ចម្លើយរបស់ស្ត្រីជាប្រពន្ធរួចមក បុរសជាប្តីបានរត់ទៅបានទ្វាររថយន្តទាញកាំភ្លើង AK មួយដើម មកបាញ់រះនៅមុខផ្ទះរបស់ខ្លួនចំនួន៥គ្រាប់ទៅលើវេហា ដើម្បីបញ្ចេញកំហឹងដែលខឹងសម្បានឹងប្រពន្ធទៅញុំាចុកផ្ទះគេ ។ ក្រោយការបាញ់រះ រួចមកបុរសជាជនបង្កបានបើករថយន្តចេញទៅបាត់ស្រមោលតែម្តង ។
តាមចម្លើយឆ្លើយសារភាពរបស់ស្ត្រីជាប្រពន្ធ សុំមិនបញ្ចេញអត្តសញ្ញាណអោយដឹងថា ខ្លួនពិតជាត្រូវបានអ្នកជិតខាងបបួលទៅញុំានៅផ្ទះពួកគេពិតប្រាកដមែនប៉ុន្តែខ្លួនមិនបានផឹកច្រើននោះទេ គឺផឹកស្រាតែបន្តិចបន្តួចប៉ុណ្ណោះ ។ នាងបន្តថា នាងមិនសូវប្រសប់ផឹកឡើយ ពេលអ្នកជិតខាងហៅ នាងក៏មិនចង់ចូលរួមដែរ ប៉ុន្តែដោយនឹកឃើញថា ជាអ្នកជិតខាងគ្នាទើបទៅចូលរួមញុំាបន្តិចទៅ ប៉ុន្តែចង្រៃអ្វីស្របពេលនោះ បុរសជាប្តីបានមកដល់ស្របពេលដែលនាងកំពុងផឹកជជែកលេងនៅផ្ទះរបស់គេ ក៏កើតចិត្តខឹងសម្បាហើយស្ទុះទាញ AK បាញ់រះបង្ក អោយមានការភ្ញាក់ផ្អើលឡើងតែម្តងទៅ ។
លោកម៉ៅ សឿត បន្តថា ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលខណ្ឌ និងមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ភ្លាមផងដែរប៉ុន្តែបានត្រឹមរើសសំបកកាំទុះប៉ុណ្ណោះ ព្រោះជនសង្ស័យបានបើករថយន្តរត់គេច បាត់ស្រមោលក្រោយកើតមានអំពើបាញ់។ ជាក់ស្តែងនគរបាល បានរើសសម្បកកាំទុះបានចំនួន៥គ្រាប់ ដូច្នេះហើយ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យបានបាញ់រះចំនួន៥គ្រាប់ ។ ដោយឡែកប្រភពព័ត៌មានផ្លូវការណ៍ពីពលរដ្ឋអះអាងថា ពួកគេបានលឺលើសពី៥គ្រាប់ ។
លោកបន្ថែមថា ក្នុងករណីខាងលើនេះដែរដោយមានបញ្ជារ ផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារអោយនគរបាលពាក់ព័ន្ធ ពិសេស មូលដ្ឋានថ្នាក់ខណ្ឌធ្វើយ៉ាងណាត្រូវស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ មកដាក់ទោសទ័ណ្ឌតាមផ្លូវច្បាប់អោយខានតែបាន អោយស្របទៅ នឹងបទល្មើសដែលរូបគេបានប្រព្រឹត្តិ ។
ប្រភពព័ត៌មានចុងក្រោយអោយដឹងថា ជនសង្ស័យជាមន្ត្រីនគរបាល នៃនាយកដ្ឋានមួយដែលគេពុំទាន់ដឹងថាជននាយកដ្ឋានអ្វីអោយពិតប្រាកដចំណុះអោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។ យ៉ាងណាមិញ បច្ចុប្បន្ននៅពុំទាន់មានតំរុយណាមួយ ពីការរត់គេចខ្លួនរបស់ជនសង្ស័យឡើយ។ លោកម៉ៅ សឿត អោយដឹងថា ពេលនេះកម្លាំងនគរបាល កំពុងស្រាវជ្រាវ រកសវតារបស់ជនសង្ស័យអោយច្បាស់សិនដើម្បីដឹងថា រូបគេធ្វើការ នៅអង្គភាពណា ដើម្បីងាយស្រួលកម្លាំងនគរបាល ឈានទៅចាប់ដល់អង្គភាពតែម្តង ប្រសិនបើ រូបគេកំពុងសំងំ លាក់ខ្លួននៅទីនោះ ៕ លីហេង


