MENU
|
ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ដែលបានប្រើអំពើហឹង្សាទៅលើក្រុមគ្រួសារមួយ ព្រមទាំងបានសម្លាប់ទារិកាម្នាក់ផងនោះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានរត់គេចខ្លួនពីស្រុកសំពៅលូន មកសំងំលាក់ខ្លួននៅក្នុងទឹកដីស្រុកមោងឫស្សី ។
ពិតជាឈាមស្រែក ស្បែកហៅមែន គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង ៩ និង៣០នាទី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុនមួយបានកើតឡើងទៅលើក្រុមគ្រួសារមួយដែលទំនងបណ្តាលមកពីការចង់ចាប់រំលោភទៅលើក្មេងស្រីអាយុ១១ឆ្នាំមិនបានសម្រេច ។
នៅពេលនោះដែរ គេបានឮសំលេងក្មេងស្រីឈ្មោះ សួន ស្បៃ អាយុ១១ឆ្នាំស្រែកនៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះរបស់វា ដោយអ្នកភូមិស្មានថា ម្តាយវាវ៉ៃដោយសារតែកូនស្រីរូបនោះមិនព្រមទៅងូតទឹក ។ សាក្សីបានបន្តថា លុះនៅពេលឮស្រែកជាលើកទី២អ្នកភូមិក៏បានស្ទុះចេញមកឃើញឈ្មោះ ហុង ពិសី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដើរចេញមកពីក្នុងបន្ទប់ទឹកហើយបានយកវត្ថុអ្វីម្យ៉ាងមកវាយលើអ្នកជិតខាងនោះតែម្តងបណ្តាលអោយរងរបួស ភ្លាមៗនោះដែរក៏មានរឿងកើតឡើងជាមួយនឹងម្តាយក្មេងស្រីនោះថែមទៀត រហូតធ្វើអោយមានការភ្ញាក់ផ្អើលដោយសារតែជនបង្ករូបនេះ បានលបចូលទៅសម្លាប់ទារិកាដែលកំពុងដេកនៅក្នុងមុងខាងលើផ្ទះ ។
ស្ត្រីរងគ្រោះឈ្មោះ ប្រាក់ ផល្លា អាយុ៣០ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុបានរៀបរាប់ថា នៅពេលដែលឮកូនស្រីរបស់នាងស្រែកនៅក្នុងបន្ទប់ទឹកបែបនេះនាងក៏បានដាក់កូនតូចអោយដេកជាមួយបងប្រុសវានៅក្នុងមុងរួចក៏ចុះមកដីឃើញកូនស្រីប្រាប់ថា ពូ សី ចាប់ខ្លួនខ្ទប់មាត់អោយនៅអោយស្ងៀម ទើបខ្លួនខំប្រឹងរើបម្រះចេញមកខាងក្រៅ ។
ស្ត្រីរងគ្រោះបានបន្តថា ភ្លាមៗនោះដែរជនសង្ស័យឈ្មោះ សី បានស្ទុះមកវ៉ៃខ្លួនព្រមទាំងកូនស្រីផងដោយគេបានប្រើប្រាស់ដុំឥដ្ឋចំនួនពីរដុំ ដែលបណ្តាលអោយពីរនាក់ម្តាយនិងកូនរងរបួសត្រង់ក្បាលដូចគ្នាហើយនាងក៏បាននាំកូនស្រីរត់ចេញទៅក្រៅផ្ទះដើម្បីអោយផុតពីការប្រើហឹង្សាបែបនេះ ប៉ុន្តែការសំងំក្រៅផ្ទះបានប្រហែល១៥ នាទីប៉ុណ្ណោះទើបនឹងឃើញដល់កូនតូចពីរនាក់ដែលកំពុងដេកក្នុងមុងខាងលើផ្ទះ។ នៅពេលរត់ឡើងដល់ខាងលើផ្ទះគឺនាងមានអារម្មណ៍ស្លុតដោយសារតែឃើញមុងដែលកូនតូចៗដេកត្រូវដាច់ខ្ទេចខ្ទី ពេលបើកមុងឡើងឃើញកូនស្រីតូចឈ្មោះ សួន នុត អាយុជាងមួយខែ មានហូរឈាមតាមមាត់និងច្រមុះ រីឯកូនប្រុសបងឈ្មោះ សួន ធិត អាយុ៤ឆ្នាំ ឮសម្រែកតែបន្តិចក៏ស្ងាត់មាត់ទៅវិញ ទើបខ្លួនបានត្រកងកូនទាំងពីរចុះមកដីពឹងពាក់ម៉ូតូអ្នកភូមិអោយជួយដឹកមកកនា់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទើបដឹងថាកូនស្រីបានស្លាប់បាត់ទៅហើយក្រោមសម្ពាធនៃដុំឥដ្ឋរបស់ជនសង្ស័យរូបនោះ ។
គួរបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ ហុង ពិសី អាយុ៣៣ឆ្នាំនេះ កន្លងមកធ្លាប់បានក្មួយស្រីរបស់ស្ត្រីរងគ្រោះហើយក៏បានលែងលះប្រហែលជិត៣ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់ ចំណែកសមត្ថកិច្ចទាំងកងរាជអាវុធហត្ថ ក៏ដូចជានគរបាល កំពុងដុតដៃដុតជើងតាមរកចាប់ខ្លួនឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ក្រោយពីមានការស្រាវជ្រាវអស់មួយរយៈរួចមកកម្លាំងអធិការដ្ឋាន នគរបាលស្រុកមោងឫស្សីបានកំណត់មុខសញ្ញានេះបានយ៉ាងច្បាស់ដោយសង្គេតឃើញថា ជនសង្ស័យខាងលើបានរត់មកសំងំលាក់ខ្លួននៅត្រង់ចំណុចភូមិតាណាក ឃុំគារ ស្រុកមោងឫស្សីទើបលោកអធិការបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធ៌ម ហើយក៏បានសុំដីកាពីសាលាដំបូងផងដែរក្នុងការឃាត់ខ្លួនមុខសញ្ញា ។
ទីបំផុត នៅវេលាម៉ោង១១ និង៤០ នាទី ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ លោក ស្នងការរង បានដឹកនាំកម្លាំងខេត្តចុះទៅសហការជាមួយកម្លាំងរបស់លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការ នគរបាលស្រុកមោងឫស្សីព្រមទាំងបានអនុវត្តតាមដីកាលេខ ១៦ ដបចខ ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ដោយដំណាងអយ្យការ សេង ផានិតព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក្នុងការអនុវត្តវិធានការតាមផ្លូវច្បាប់ ៕