MENU
|
ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តាអធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងថា នៅវេលាម៉ោង២៣ យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ មានអំពើហិង្សាមួយកើតឡើងនៅខាងក្រោយសាលាសង្កាត់លេខ៣ ក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្សយ័មានគ្នា២នាក់ឪពុក និងកូន បានវាយទៅលើកម្មករសំណង់ ដោយសារតែមួម៉ៅ អ្នកជិតខាងមានកម្មវិធីជប់លៀងដាក់តុចង្អៀតផ្លូវចូលផ្ទះ។ ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលបានទៅធ្វើអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
ជនបង្កហិង្សាមានឈ្មោះ ដូចខាងក្រោម ១,ឈ្មោះ គី បញ្ញារ៉ា ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរនៅផ្ទះ រស់នៅកន្លែងកើតហេតុ ជាអ្នកកាន់កាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ។
២,ឈ្មោះ គី បញ្ចរាជ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរនិសិត្ស (កូនរបស់ គី បញ្ចរ៉ា ) ជាអ្នកកាន់ដែកបំពង់ទីបវ៉ៃជនរងគ្រោះ ។
ជនរងគ្រោះចំនួន៣នាក់ឈ្មោះ ១,ឈ្មោះ លេង តូច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់កន្លែងកើតហេតុ រងរបួសថ្ងាសពីលើបែកក្បាល របួសធ្ងន់។
២,ឈ្មោះ សាង លី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ និងស្នាក់នៅដូចគ្នា រងរបួសក្បាលខាងឆ្វេង ដេរ៤ថ្នេរ ។ ៣,ឈ្មោះ គិន កាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ និងស្នាក់នៅដូចគ្នា រងរបួសកែងដៃស្តាំ ដេរ៣ថ្នេរ ។ វត្ថុតាងចាប់បាន កាំបិតផ្គាក់១ និងដែកទីបមូល១ (អាវុធធ្វើសកម្មភាព ) ។
នៅព្រឹកថ្ងៃទី១៤នេះ ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថាកាលពីយប់មិញម្ចាស់ផ្ទះដែលពួកគាត់កំពុងសាងសង់ បានធ្វើពិធីជប់លៀង ដោយរៀបចំអញ្ជើញភ្ញៀវមកចូលរួមជាច្រើនតុ តែមិនបានហៅឈ្មោះបញ្ញារ៉ាមកចូលរួមឡើយពីព្រោះធ្លាប់មានជម្លោះជាមួយគ្នាយូរមកហើយ។ ជនរងគ្រោះបានរៀបរាប់ បន្ថែមទៀតថា លុះដល់យប់ជ្រៅភ្ញៀវបានចាកចេញបណ្តើរៗទៅហើយ ស្រាប់តែឈ្មោះបញ្ញារ៉ានិងកូនបានជិះម៉ូតូមកដល់ បង្ករឿងរុញច្រានតុផ្តួលតែម្តង។ មិនទៅបង្ករឿងជាមួយម្ចាស់ផ្ទះ តែបែរមករករឿងឈ្លោះជាមួយកម្មករសំណង់ទៅវិញ ពេលកម្មករតដៃ ឪពុកនិងកូនបានស្ទុះចូលទៅក្នុងផ្ទះទាញយកកាំបិតនិងបំពង់ទីបមកវាយកម្មករសំណង់ បីនាក់ឲ្យរងរបួស ។
ស្រ្តីម្នាក់ដែលត្រូវជាភរិយាជនបង្កឈ្មោះលេង តូច បានរៀបរាប់ថា នៅពេលឃើញដូចនេះគាត់បានដណ្តើមចាប់យកកាំបិតជាប់បើគាត់ចាប់មិនជាប់ទេប្តីរបស់គាត់ច្បាស់ជាត្រូវគេកាប់ដាច់កបាត់ហើយ។ ជនសង្ស័យទាំង២ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ។