រដ្ឋាភិបាលទីក្រុងប៉េកាំបានសម្រេចបញ្ចូនទាហាន១មុឺននាក់ទៅកាន់តំបន់ស៊ីនជាំងដើម្បីការពារការវាយប្រហារភេរវកម្ម និងក្រុមបះបោរ។
តាមសារព័ត៌មាន Liberation បានផ្សាយថាទាហានចិនជាង១មុឺននាក់បានយាមល្បាតនៅតាមដងវិថីនានាក្នុងទីក្រុង Urumqi ខេត្តស៊ីងជាំង ក្រោយពេលរដ្ឋាភិបាលបើកយុទ្ធនាការវាយប្រហារប្រឆាំងក្រុមភេរវកម្មនៅទីនោះ។
ប៉ូលិសប្រមាណ១.៥០០នាក់ប្រដាប់ដោយអាវុធ បានដាក់ពង្រាយនៅទីក្រុងធំៗចំនួន៣ គឺទីក្រុង Hotan, Kashgar និង Aksu ដែលតែងតែរងការវាយប្រហារដោយក្រុមភេរវកម្ម និងក្រុមបះបោរជ្រុលនិយម។
តំបន់ស៊ីនជាំង ជាទីកន្លែងមានជនជាតិអ៊ុយហ្គ័រកាន់សាសនាអិស្លាមរស់នៅច្រើនបំផុត។ ពេលកន្លងមកថ្មីតំបន់នោះតែងតែរងការវាយប្រហារ និងប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមបោះបោរទាមទាផ្តាច់ខ្លួន ។
មន្ត្រីចិនបានបញ្ចាក់ថាការវាយប្រហារទាំងឡាយនាពេលកន្លងមកបង្ករឡើងដោយក្រុមជនជាតិអ៊ុយហ្គ័រដែលមានការជួយជ្រោមជ្រេងពីក្រុមភេរវកម្មនៅក្រៅប្រទេស៕