MENU
តំណាងជនជាតិដើមភាគតិចភ្នង១៦នាក់ ដាក់ពាក្យប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគីរី
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៦ កុម្ភៈ ២០១៧, ០៧:៤៥ | ១,៣៦៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តមណ្ឌលគីរី៖   យោងតាមពាក្យបណ្តឹងដែលអ្នកកាសែតទទួលបានឲ្យដឹងថាតំណាងសហគមន៍ព្នងខេត្តមណ្ឌលគិរី ចំនួន ១៦នាក់ ដាក់ពាក្យបណ្ដឹងបន្ថែមទៅស្ថាប័នអយ្យការសាលាដំបូងខេត្តចោទលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពីបទមិនប្ដឹងបរិហារឧក្រិដ្ឋកម្មព្រៃឈើ។ សហគមន៍បានប្ដឹងមន្ត្រីរូបនេះម្ដងរួចមកហើយពីបទកាប់រានព្រៃឈើដែលសហគមន៍អភិរក្សក្នុងដែនព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមពាក្យបណ្ដឹងមានស្នាមមេដៃតំណាងសហគមន៍មកពីស្រុកចំនួន៤ និងក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី សរុបមានគ្នា ១៦នាក់ បានដាក់ចូលការិយាល័យរដ្ឋបាលអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ហើយនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៧។

ក្នុងខ្លឹមសារនៃបណ្ដឹងនេះទាមទារឲ្យមន្ត្រីអយ្យការស៊ើបអង្កេតទៅលើពាក្យសម្ភីរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលអះអាងថា បទឧក្រិដ្ឋកាប់រានព្រៃកើតមានច្រើនករណីមិនមានការបង្ក្រាប ប៉ុន្តែបែរជាចាត់វិធានការទៅលើរូបលោកដែលកាប់រានព្រៃតិចតួចនៅជុំវិញចម្ការផ្ទាល់ខ្លួន។

អ្នកស្រី ផ្លឹក ណាវី តំណាងសហគមន៍ភូមិឡៅកា សង្កាត់សុខដុម បញ្ជាក់ថា ការដាក់ពាក្យប្ដឹងមន្ត្រីជំនាញខេត្តរូបនេះក្នុងគោលបំណងឲ្យជនជាប់សង្ស័យបង្ហាញភស្តុតាងបទល្មើសព្រៃឈើដែលកន្លងទៅនេះធ្វើឲ្យប៉ះពាល់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិចដែលអភិរក្សព្រៃឈើច្រើនជំនាន់មកហើយ។ លើសពីនេះទៀត សហគមន៍រំពឹងថា ប្រសិនមានការប្តឹងបរិហារពីបទល្មើសឧក្រិដ្ឋព្រៃឈើនោះ បទល្មើសនេះនឹងអាចថយចុះ៖ «បើសិនយើងរកឃើញហើយ ដីទាំងអស់ហ្នឹងនឹងមកជាដីរដ្ឋវិញ ជាដីសហគមន៍វិញ ហើយអ្នកដែលធ្វើដីហ្នឹងថ្ងៃក្រោយកុំឲ្យយកតម្រាប់តាម កុំអាងថាខ្លួនមានអំណាចធ្វើអ្វីៗបានតាមចិត្ត»។

គេមិនអាចទាក់ទងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម សុំបញ្ជាក់ពីការដាក់ពាក្យបណ្ដឹងនេះបានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។ យ៉ាងនេះក្ដីនៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានពាក់ព័ន្ធពាក្យបណ្ដឹងរបស់សហគមន៍កាលពីសប្ដាហ៍មុននេះ លោក យន់ សារ៉ោម អះអាងថា លោកកាប់រានព្រៃជុំវិញចម្ការដូចពលរដ្ឋជាច្រើនដែលកាប់រានព្រៃដូចគ្នា ឬកាប់រហូតរាប់រយហិកតារក៏មិនមានសមត្ថកិច្ចណាចាត់វិធានការឡើយ។

លោក ក្រើង តុលា តំណាងសហគមន៍ប៊ូស្រ៊ាបានកត់សំគាល់ដែរថា ការអះអាងរបស់លោក យន់ សារ៉ោម បានដឹងពីបទឧក្រិដ្ឋព្រៃឈើ ប៉ុន្តែលោកមិនប្ដឹងបរិហារយូរពេលហើយ ដូច្នេះលោកអាចនឹងទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌមិនប្ដឹងបរិហារបទឧក្រិដ្ឋ។

លោកថា សហគមន៍ដាក់បណ្ដឹងថ្មីនេះមានប្រយោជន៍ឲ្យស្ថាប័នអយ្យការស៊ើបអង្កេតរកប្រភពនៃឧក្រិដ្ឋកម្មព្រៃឈើដែលកើតមានកន្លងទៅនេះ ក្នុងតំបន់សហគមន៍អភិរក្ស៖ «លោក យន់ សារ៉ោម គាត់ថា គាត់ស្គាល់ខ្លះ ៥០០ហិកតារ ខ្លះ ១ពាន់ហិកតារ យើងចង់ដឹងថា អ្នកណាខ្លះទទួលដី ៥០០ហិកតារ ១ពាន់ហិកតារ ឲ្យលោក យន់ សារ៉ោម វែកមុខឲ្យឃើញ»។

សហគមន៍ជនជាតិដើមភាគតិចព្នងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ បានប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ខណៈដែលមន្ត្រីនេះកាប់រានព្រៃឈើពង្រីកដីចម្ការរបស់ខ្លួនអស់ចំនួន ២៣ហិកតារចាប់ពីឆ្នាំ២០១៤ រហូតដល់ចុងឆ្នាំ២០១៦។ ចំណែកក្រុមសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្ត និងមន្ទីរជំនាញបរិស្ថានចេញរបាយការណ៍បញ្ជាក់ថា លោក យន់ សារ៉ោម ពិតជាបានកាប់រានព្រៃឈើយកដីជាកម្មសិទ្ធិគ្មានច្បាប់អនុញ្ញាត។

ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង ថ្លែងថា សហគមន៍មានសិទ្ធិដាក់បណ្ដឹងណាដែលដើមបណ្ដឹងចង់ប្ដឹង ក៏ប៉ុន្តែមន្ត្រីអយ្យការនឹងពិនិត្យស៊ើបអង្កេតបណ្ដឹងទាំងអស់នោះប្រសិនមានអង្គហេតុ ឬសាក្សីដាក់បន្ទុកបានទើបមន្ត្រីអយ្យការសម្រេចចោទប្រកាន់ជនដែលត្រូវប្ដឹងបាន៖ «ជួនកាលគាត់ខឹង គាត់និយាយអ៊ីចឹង ខ្មែរយើងជួនកាលជេរទៀត។ អាហ្នឹងសិទ្ធិរបស់គាត់ទេ គាត់ប្ដឹងចុះ គ្រាន់តែថា បើមានភស្តុតាងគាត់ឈរមើលគេឈូសឆាយដីព្រៃប៉ុន្មានហិកតារ ហើយគាត់អត់ប្ដឹងសោះ អាហ្នឹងគាត់អត់ប្ដឹងបរិហារមែន ព្រោះបទល្មើសធំធេងណាស់»។

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រាទី៥២៩ ចែងថា រាល់បុគ្គលណាដែលដឹងពីបទឧក្រិដ្ឋដែលអាចបង្ការ ឬបន្ថយអនុភាពរបស់បទល្មើសបានហើយមិនប្ដឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ដល់ ២លានរៀល ប៉ុន្តែត្រូវលើកលែងទោសចំពោះបុព្វញាតិ ឬបច្ឆាញាតិបងប្អូនប្រុសស្រីរបស់ចារី ឬសហចារី សហព័ទ្ធរបស់ចារី ឬសហចារីអ្នកផ្ដើមគំនិត ឬអ្នកសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ និងបុគ្គលដែលច្បាប់តម្រូវឲ្យរក្សាការសម្ងាត់វិជ្ជាជីវៈ។

លោក សុក រដ្ឋា ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុអាស៊ីសេរីថាចាត់ទុកការដាក់ពាក្យប្ដឹងរបស់សហគមន៍ថា ជាគំនិតល្អដើម្បីរួមចំណែករកឲ្យបទឧក្រិដ្ឋព្រៃឈើដែលកើតមានកន្លងទៅ។

លោកថា បណ្ដឹងពីបទដឹងហើយមិនប្ដឹងបរិហារទៅសមត្ថកិច្ចពីបទឧក្រិដ្ឋព្រៃឈើ នឹងជួយទប់ស្កាត់បទល្មើសព្រៃឈើបានកាន់តែប្រសើរ៖ «យើងសុំលើកទឹកចិត្តប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្តសកម្មភាពចូលរួមការពារដីសាធារណៈរបស់រដ្ឋ និងធនធានធម្មជាតិរបស់រដ្ឋឲ្យបានគង់វង្ស។ អបអរសាទរដែរ ដែលសហគមន៍បានដាក់ពាក្យប្ដឹងឲ្យមានវិធានការទប់ស្កាត់សកម្មភាពកាប់រានដីព្រៃបន្តទៀត»។                                  

Tags:
  • ជនជាតិដើម
  • ប្រធានមន្ទីរ
  • អភិវឌ្ឍន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥