តាកែវ៖ កម្មការីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «SolaModa» ស្ថិតនៅជិតទន្លេបាទី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ជាង២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុងករណីអគ្គីភ័យឆាបឆេះរោងចក្រខ្លួនធ្វើការ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០១៧ ។
លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ អោយដឹងថា ករណ៏ខាងលើនេះ គឺគ្រាន់តែមានការឆ្លងចរន្តអគ្គីសនី រួចបង្កជាអណ្តាតភ្លើងឆាបឆេះសម្ភារះបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែកម្មការនីជាង ២០នាក់ ក្នុងចំណោមកម្មករជាង៦០០នាក់ ដែលកំពុងធ្វើការក្នុងរោងចក្រ មានការភិតភ័យខ្លាំងពេក ក៏នាំគ្នាស្រវារត់ចេញ បុកគ្នាដួលសន្លប់ អ្នកខ្លះភិតភ័យខ្លាំងពេករហូតដល់សន្លប់បាត់បងស្មារតីក៏មាន ។
លោកអធិការស្រុកបន្តថា បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងនគរបាលមូលដ្ឋានស្រុក បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដោយបានប្រើបំពង់ពន្លត់អគ្គីភ័យទប់ស្កាត់អណ្តាតភ្លើងភ្លាមៗ និងបានអោយអ្នកគ្រប់គ្រងរោងចក្របិទចរន្តភ្លើងក្នុងរោងចក្រទាំងអស់ផងដែរ ជៀសវៀងមានការទុស្សេបន្ត ។
សូមបញ្ជាក់ថា ភ្លាមៗ កម្មការី ដែលភិតភ័យរហូតត្រូវសន្លប់ទាំងជាង២០នាក់ខាលើ ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្្ទីរពេទ្យបង្អែកស្រុកផងដែរ ។ ប៉ុន្តែក្នុងនោះ ពួកគេពុំមានប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សុខភាពឡើយ គ្រាន់តែភាគច្រើនពួកគេមានអក្ការះភិតភ័យខ្លាំង ៕