ឧប្បនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Hamidi កាលពីថ្ងៃទី២២បានអំពាវនាវដល់ភាគីកូរ៉េខាងជើងគោរពច្បាប់ម៉ាឡេស៊ីផង នៅក្នុងការស្រាវជ្រាវលើករណីឃាតកម្មទៅលើ លោកគីមជុងណាមដែលជាបងប្រុសលោកគីមជុងអ៊ុន។
លោក Ahmad Zahid បានបញ្ចាក់ថា កូរ៉េខាងជើងមិនត្រូវមានការសង្ស័យទៅលើការស្រាវជ្រាវ ដែលប៉ូលិសម៉ាឡេស៊ីកំពុងតែអនុវត្តនោះ។ លោក Ahmad Zahid បញ្ចាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «យើងគោរពដល់ទំនៀបទម្លាប់និងផលប្រយោជន៍របស់បុគ្គលនិមួយៗ ហើយគោរពទៅតាមច្បាប់ការបរទេស ក៏ដូចដំណើរការតាមនិតិវិធីអន្តរជាតិ»។
លោក Ahmad Zahidបញ្ចាក់ទៀតថា «យើងក៏នឹងគោរពច្បាប់របស់ប្រទេសដទៃទៀតប្រសិនបើពួកគេឃើញពលរដ្ឋម៉ាឡេស៊ី ចូលរួមនៅក្នុងសកម្មភាពខុសច្បាប់ របស់ប្រទេសនោះ។ពេលនេះយើងបានប្រគល់តួនាទីនោះទៅឲ្យកម្លាំងប៉ូលិស ហើយបើមាន ភស្តុតាង ច្បាស់លាសយើងនិងកោះហៅអ្នកដែលពាក់ព័ន្ធឡើងទៅកាន់តុលាការ»។
កាលពីថ្ងៃទី២២ខែកុម្ភៈ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីបានចោទប្រកាន់រដ្ឋាភិបាលម៉ាឡេស៊ី ថាបានធ្វើសកម្មភាពបំពានច្បាប់អន្តរជាតិ ក្នុងនោះមានទំនាក់ទំនងការបរទេស ។ រដ្ឋទូតកូរ៉េខាងជើងក៏បានចោទប្រកាន់ម៉ាឡេស៊ី ថាមានគោលដៅនយោបាយ បម្រើឲ្យប្រទេសដែលជាសត្រូវរបស់កូរ៉េខាងជើង។
មកទលពេលនេះការត្រួតពិនិត្យសាកសពមិនទាន់រួចរាលនៅឡើយដោយសារតែមិនទាន់ទទួលបានDNAពីសាចញាត្តិលោកគីមជុងណាម។ កន្លងមកមានព័ត៌មានផ្សាយថា កូនប្រុសលោកគីមជុងណាមបានធ្វើដំណើរទៅដល់ម៉ាឡេស៊ីហើយ ដោយមានការការពារយ៉ាងតឹងតែងពីប៉ូលិសម៉ាឡេស៊ី៕