រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋបឹងកក់ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧នេះបានបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅក្នុងសហគមន៍របស់ខ្លួន ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប និងតំណាងសហគមន៍របស់ខ្លួន គឺអ្នកស្រី ទេព វន្នី។
បុគ្គលិកអង្គការអាដហុកចំនួន៤នាក់ដែលក្លាយជាអ្នកទោសក្រោមបទចោទសូកប៉ាន់សាក្សីគឺអ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក យឺ សុខសាន្ត និងលោក នី សុខានិងលោកនី ចរិយា អតីតអគ្គលេខាធិការរងគ.ជ.បនិងអ្នកស្រីទេព វន្នី អ្នកនេះត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។
ក្នុងយុទ្ធនាការថ្ងៃនេះ អ្នកបឹងកក់ធ្វើការហែក្បួនក្នុងសហគមន៍ ប៉ុន្តែពុំមានការរារាំងពីអាជ្ញាធរមានសមត្ថកិច្ចទេ បើទោះបីជា មានសមត្ថកិច្ចប្រមាណ១០នាក់ដែលស្លៀកពាក់ស៊ីវិល ឃ្លាំមើលការធ្វើពិធីនេះក្ដី។
រហូតមកដល់ពេលនេះ មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ត្រូវបានឃុំខ្លួនជិត៣០០ថ្ងៃហើយ ពីបទសូកប៉ាន់ និងផ្សំគំនិតសូកប៉ាន់សាក្សី ជុំវិញករណីអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំនិងលោកកឹម សុខាក្នុងសំណុំរឿងខ្សែអាត់សម្លេងដែលបានបែកធ្លាយ។
ចំណែកអ្នកស្រី ទេព វន្នី ក៏ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈ ពេល ៦ខែ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ ពេលដែលអ្នកស្រីតវ៉ាសុំអន្ត រាគមន៍ដោះស្រាយវិវាទដីធ្លីតំបន់បឹងកក់ កាលពីឆ្នាំ២០១១។ក្រៅពីការទាមទារនេះ ពួកគេក៏ស្នើដល់អាជ្ញាធររដ្ឋាភិបាល ឲ្យរកយុត្តិធម៌ដល់បណ្ឌិត កែម ឡី ផងដែរ។