MENU
|
រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចំនួន៣ប្រចាំនៅកម្ពុជាគឺឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងឯកអគ្គរាជទូតជប៉ុនកាលពីល្ងាចថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧បានស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជ.ប)ឲ្យប្រកាសលទ្ធផលបោះឆ្នោតបឋមនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ជាថ្ងៃបោះឆ្នោតនេះតែម្ងង។
យោងតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតជប៉ុន ថា មន្ត្រីស្ថានទូតទាំងបីនោះ ស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតតែម្ដង គឺនៅថ្ងៃទី៤ មិថុនា។
លោកហង្ស ពុទ្ធាបានថ្លែងថា ឯកអគ្គរដ្ឋទូតទាំងបីប្រចាំនៅកម្ពុជាបានលើកឡើងនៅពេលជំនួបជាមួយតំណាងគជបមុនពេលដែលការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិដុនាឆ្នាំ២០១៧ខាងមុខនេះ។លោកបានបញ្ជាក់ថា តំណាងទូតទាំងបីបានសំដែងការកត់ក្តៅបន្ទាប់ពីបានឃើញសកម្មភាពឃោសនានិងការងារអប់រំមានការល្អប្រសើរដែរ។
លោកបានអះអាងតំណាងទូតទាំងបីបានលើកឡើងចោទជាសំណួរប្រហាក់ប្រហែលគ្នាទាក់ទងនឹងការដាក់ពង្រាយកម្លាំងសម្រាកការពារសុវត្ថិភាពច្រើនពេកដែលអាចធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។លោកថា គជបបានឆ្លើយតបថាកម្លាំងទាំងនោះមិនមានធ្វើឲ្យមានការភ័យខ្លាចទេ។នៅប្រទេសណាក៍មាននគរបាលនិងទាហានដែរ។កាលពីពេលបោះឆ្នោតមុនៗនោះមានកម្លាំងច្រើនជាងនេះទៀត។
លោកហង្ស ពុទ្ធាបានលើកឡើងថាឯកអគ្គរដ្ឋទូតទាំងបីបានឲ្យគជបពន្យល់ពីនីតិវិធីក្នុងបានប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនានេះតែម្តងទៅដល់សាធារណជនជាទូទៅ។គជបបានបង្ហាញពីការរៀបចំប្រកាសលទ្ធផលនៅថ្ងៃបោះឆ្នោតនេះតែម្តង។លោកថាការប្រកាសលទ្ធផលមានជាតំណាក់កាលគឺលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ននិងលទ្ធផលផ្លូវការ។
លោកហង្ស ពុទ្ធាបានថ្លែងបញ្ជាក់ថា សូមកុំឲ្យមានការភាន់ក្រឡំដែលកាលពីមុនមានអង្គការនិងគណបក្សនយោបាយបានថតយកលទ្ធផលដែលបានបិទនៅតាមការិយាល័យបោះឆ្នោតបូកហើយប្រកាសតែម្តង។នោះជាលទ្ធផលមួយតែចំពោះលទ្ធផលដែល គ ជ ប ធ្វើមានជាជំហានផលទ្ធផលមួយព្រោះការិយាល័យខ្លះមានពាក្យបណ្តឹងដោយសារដោះស្រាយបណ្តឹងនិងមានការផ្ទៀងផ្ទាត់ឡើងវិញអាចមានការបូកច្រឡំ។លទ្ធផលផ្លូវការអាចមានរយៈពេល២០ថ្ងៃក្រោយពីបោះឆ្នោតទើបមានភាពសុក្រិត្យ។
លោកបានអះអាងទៀតថាលទ្ធផលដែលគណបក្សនយោបាយមិនមែនជាលទ្ធផលផ្លូវការទេ។នៅពេលសួរថាការលើកឡើងរបស់ទូតទាំងបីនេះទំនងជាមានការព្រួយបារម្ភចំពោះកម្លាំងដែលពង្រាយច្រើនពេកបានជាមកជួប គ ជ ប ?។
លោកហង្សពុទ្ធាបានអះអាងថាមិនមែនទៅពួកគាត់ចង់បានការពន្យល់ពីការឈរជើងរបស់កម្លាំងទាំងនោះនៅកន្លែងណាមានចម្ងាយប៉ុន្មានពីការិយាល័យបោះឆ្នោតជាដើមកម្លាំងសរុបប្រមាណ៣៧០០០នាក់។ចំពោះកម្លាំងអន្តរាគមន៍អាចនៅក្នុងឃុំនិងស្ថិតថ្នាក់ស្រុក។ចំពោះលោកឯកអគ្គរដ្ឋទូតបានសូមកុំឲ្យមានការបង្ហាញអាវុធអី។តែលោកថា កម្លាំងនៅចម្ងាយ១៥ម៉ែត្រពីការិយាល័យអត់មានអាវុធនិងចម្ងាយ១០០ម៉ែត្រមានកម្លាំង២នាក់មានអាវុធ១ដើម បង់១និងគ្រាប់៣០គ្រាប់។
លោកហង្សពុទ្ធាបានបញ្ជាក់ថា ចំពោះកម្លាំងអន្តរាគមន៍មិនបានចេញមុខទេតែនៅពេលណាមានករណីអ្វីកើតឡើងសុំអន្តរាគមន៍ទើបចេញមុខ។លោកថា ដូចជាករណីកាលពីឆ្នាំ២០១៣មានការដុតឡាននៅមុខវត្តស្ទឹងមានជ័យការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យជាដើម។ចំណុចពិសេសទូតប្រទេសទាំងបីនេះថាចាប់ពីគជបធ្វើកំណែទម្រង់មកមានការទុកចិត្តច្រើនពីគ្រប់មជ្ឈដ្ឋាននិងសាធារណជនក្នុងនាមសហគមន៍អន្តរជាតិពួកលោកចង់ឲ្យប្រទេសកម្ពុជាមានការបោះឆ្នោតមួយចុងក្រោយទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធ។
លោកបានអះអាងនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧មានគណបក្សធំ២គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិហែក្បួនធំជាថ្ងៃបញ្ចប់ការឃោសនានៅភ្នំពេញ។តែគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យមុននិងគណបក្សសង្រ្គោះដាក់ក្រោយមកគជប។ពេលនេះមានការជាន់ទីតាំងគ្នារបស់គណបក្សធំទាំងពីរនេះ។ការដោះស្រាយនេះបានចប់នៅថ្ងៃទី១ខែមិថុនាដែលគណបក្សប្រជាជនកម្ពុជាមាន១៥ម៉ឺននាក់និងគណបក្សសង្រ្គោះជាតិមាន៥ម៉ឺននាក់។
លោកហង្សពុទ្ធាបានព្រមានថាអ្នកដែលផ្សាយឬប្រកាសលទ្ធផលឆ្នោតមិនផ្លូវឬខុសពីលទ្ធផលរបស់គជបនឹងទទួលទោសធ្ងន់ធ្ងរ។លោកថា ”យើងមានច្បាប់អនុវត្តនិងអំពាវនាវកុំឲ្យមានការផ្សាយបើមិនច្បាស់។យើងមិនចង់ដាក់ទោសទណ្ឌដល់នរណាម្នាក់ទេ”។លោកថា ”យើងចង់បានក្រោយការបោះឆ្នោតមើលឃើញតែអភិវឌ្ឍន៏មិនមែនការតវ៉ាគ្នាចុះឡើងនោះទេ”៕