MENU
|
រាជធានីភ្នំពេញ៖ អស់រយៈពេល៣៨ឆ្នាំហើយដែលប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីច្រើនអាណាត់មកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានប្រកាសកាលពីល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០១៧នេះថាសម្តេចកំណត់យកថ្ងៃទី១៤ខែមករារាល់ឆ្នាំដើម្បីជួបក្រុមអ្នកកាសែតដែលស្និទ្ធនឹងគណបក្សនេះមកប្រជុំគ្នា។
សម្តេច ហ៊ុនសែននិងភរិយាបានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមួយក្រុមដែលរៀបចំដោយក្រសួងព័ត៌មានរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនប្រមាណ១០០០នាក់ហើយអ្នកកាសែតទាំងនោះភាគច្រើនជាមន្រ្តីក្រសួងព័ត៌មានច្រើនជាងសារព័ត៌មានឯកជនទៅទៀតដោយបានបញ្ជាក់ថា៖”ថ្ងៃនេះ ខ្ញុំ និងភរិយាសប្បាយរីករាយណាស់ដែលមានកិត្តិយសបានមកចូលរួមនៅក្នុងពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាចជាមួយអ្នកសារព័ត៌មានក្នុងស្រុកជាង១ពាន់នាក់”។ នេះបើយោងតាមព័ត៌មានដែលបានផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុនរបស់សម្តេចតេជោ។
សម្តេចហ៊ុនសែនក៍បានសូមអភ័យទោសចំពោះការរៀបចំដោយក្រសួងព័ត៌មានក្រោមកាដឹកនាំរបស់លោកខៀវកាញារិទ្ធថា៖”ខ្ញុំសូមអភ័យទោសជំនួសរដ្ឋមន្រ្តីព័ត៌មាន ផងដែរ ដែលបងប្អូនសារព័ត៌មានមួយចំនួនមិនបានអញ្ជើញចូលរួមនៅថ្ងៃនេះ។ យើងសម្រេចយកថ្ងៃទី ១៤ មករា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ឋពិធីជួបជុំអ្នកកាសែតក្នុងស្រុក”។
គេចាំថាសម្តេចនាយករដ្ឋមន្រ្តីកាលពីពេលមុនមិនថាឡើយជួបអ្នកកាសែតសូម្បីតែអ្នកកាសែតចង់សួរសំណួរទៅសម្តេចនាយករដ្ឋមន្រ្តីឬទៅជិតក៍មិនបានផង។តែពេលនេះមានអ្នកកាសែតមួយចំនួនបាននិយាយថាអ្វីៗមានការប្រែប្រួលឬមួយគណបក្សកាន់អំណាចធ្លាប់សម្លេងគាំត្រពី៩០អាសនៈមកនូវត្រឹមតែ៦៨អាសនៈខណៈពេលដែលបក្សប្រឆាំងឡើងដល៥៥អាសនៈ។
តែសម្តេចតេជោបានសរសេរក្នុងហ្វេសប៊ុកថា៖ “ឆ្នាំក្រោយគឺយើងអាចអញ្ជើញបងប្អូនអ្នកសារ ព័ត៌មានពី៣ទៅ៤ពាន់នាក់ ក្នុងនោះគឺយើងនឹងអញ្ជើញសារព័ត៌មានបក្សប្រឆាំងចូលរួមពេញទីនៅទីនេះ។ យើងរស់នៅក្នុងប្រទេសតែមួយ ទោះបីយើងមានទស្សនៈខុសគ្នា ដូចជាអ្នកខ្លះគាំទ្ររដ្ឋាភិបាល អ្នកខ្លះគាំទ្របក្សប្រឆំាង គឺយើងអាចជួបគា្នបាន “ ។
សម្តេចហ៊ុនសែនបានលើកឡើងថា៖សូមក្រសួងមន្ទីរ និងជាពិសេសគឺខេត្តត្រូវរៀបចំអ្នកនាំពាក្យអោយបានត្រឹមត្រូវ និងពង្រឹងគេហទំព័រតាមក្រសួង មន្ទីរអោយបានល្អ (Website) និងហ្វេសប៊ុគ (Facebook)។ កន្លងមកក្រសួង មន្ទីរ និងខេត្តមួយចំនួនពុំមានព័ត៌មានទាន់ពេលវេលា (Not update)។
សម្តេចបានបញ្ជាក់ថា៖” សំខាន់ណាស់សម្រាប់អ្នកសាព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៍។ គ្មានអ្នកណាអានព័ត៌មានផ្អូមទេ។អ្នកសារព័ត៌មានគឺមិនត្រូវធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផង។ ត្រូវស្គាល់តួនាទីខ្លួន កុំធ្វើការសន្និដ្ឋានបិទផ្លូវ។ អ្នកសារព័ត៌មានគឺកុំធ្វើការដោះដូរបំបិទព័ត៌មានជាមួយនឹងលុយកាក់។ ទន្ទឹមនឹងនេះ សូមអ្នកសារព័ត៌មានត្រូវរៀនអំពីរបៀបសួរសំណួរ” ។ សូមបន្តពង្រឹងការបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន។ សារព័ត៌មានល្អ បើមានការថ្លោះធ្លោយគឺត្រូវការសុំកែតម្រូវ។ ចំណុចដែលខ្ញុំបានលើកឡើងទាំងអស់នេះ គឺខ្ញុំចង់បានសារព័ត៌មានយើងល្អ ជាគ្រួសារតែមួយ។
សម្តេចបានលើកឡើងថា”ខ្ញុំសូមអរគុណរដ្ឋមន្រី្តក្រសួងព័ត៌មានដែលបានរៀបកម្មវិធីជួបជុំនេះ និងសូមអរគុណបងប្អូនអ្នកសារព័ត៌មាន ទាំងអស់ ដែលបានមកចូលរួមនៅក្នុងពិធីជួបជុំល្ងាចនេះ។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូនអ្នកសារព័ត៌មានក្នុងស្រុកទាំងអស់ទទួលជោគជ័យក្នុវិជ្ជាជីវៈដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើងអោយកាន់តែរីកចម្រើន”៕