MENU
|
រាជធានីភ្នំពេញ៖ សម្តេចម៉ែមុនិនាដ នរោត្តមសីហនុនិងមហាក្សត្រ ព្រះករុណា សម្តេចបរមនាថ នរោត្តម សីហមុនីនៅព្រឹកនេះបានយាងព្រះរាជដំណើរដោយរថភ្លើងលើកដំបូងរបស់ព្រះអង្គតាមការយាងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែននិងភរិយាចេញរាជធានីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ព្រះរាជដំណើរនេះត្រូវបានអញ្ជើញអមដំណើរដោយសម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនិងភរិយាសម្តេចប៊ុនរ៉ានីហ៊ុនសែននិងមន្រ្តីព្រះរាជវាំង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។គេបានឃើញកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចនិងសន្តិសុខត្រូវបានរឹតបណ្តឹងតាមផ្លូវដែកពីរាជធានីភ្នំពេញទៅដល់ក្រុងព្រះសីហនុនិងមានការអបអរសាទរពីប្រជានុរាស្រ្ត ព្រះសង្ឃ តាជី យាយជី។
សម្តេចតេជោហ៊ុនសែនបានលើកឡើងតាមបណ្តាញសង្គមហ្វេសថាថ្ងៃនេះ ខ្ញុំនិងភរិយា ពិតជារីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧។
សម្តេចតេជោបានលើកឡើងទៀតថាទន្ទឹមនឹងនេះដែរ គឺដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ពិតណាស់ ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជាត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។
សម្តេចតេជោបានលើកឡើងថា៖ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងកងកម្លាំងដែលកំពុង បំពេញភារកិច្ចរក្សា សន្តិភាពនៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកប ដោយ សេចក្តីសុខ សេចក្តីចំរើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៧ ខាងមុខនេះ។
ផ្លូវដែកកម្ពុជាមានចំនួន២ខ្សែគឺខ្សែទី១ចេញពីរាជធានីភ្នំពេញទៅខេត្តកំពតនិងខេត្តព្រះសីហនុនិងខ្សែទី២ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តបាត់ដំបងនិងបន្ទាយមានជ័យ។ផ្លួវដែកទាំងពីរខ្សែនេះត្រូវបានសាងសង់ឡើងក្នុងសម័យអាណានិគមន៍បារាំងកំឡុងឆ្នាំ១៩២៦.១៩៤៦។តែក្រោយមកត្រូវបានបំផ្លាញដោយសារតែសង្រ្គាមស៊ីវិលនិងរបបខ្មែរក្រហម។ផ្លូវដែកពីភ្នំពេញទៅខេត្តព្រះសីហនុទើបត្រូវបានជួសជុលឡើងវិញដោយក្រុមហ៊ុមបរទេសមកវិនិយោគនាព៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះបីយ៉ាងណាការកសាងផ្លូវដែកកម្ពុជានៅមិនទាន់ល្អដូចប្រទេសដទៃនៅឡើយទេខណៈដែលគ្រោះថ្នាក់ចេះតែកើតឡើងបន្តបន្ទាប់លើកកំណាត់ផ្លូវដែកព្រោះពលរដ្ឋមួយចំនួនតូចមិនយល់ដឹងពីគ្រោះថ្នាក់បានបើកបរឆ្លងកាត់ផ្លូវដែកពេលរថភ្លើងកំពុងចរាចរបណ្តាលឲ្យបុកនិងកិនស្លាប់បន្តបន្ទាប់ដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់បាន។ម៉្យាងវិញទៀតនៅតាមផ្លូវដែកគ្មានរបងការពារសុវត្ថិភាពជាពិសេសចំណុចដែលយានយន្តឆ្លងកាត់និងមានករណីខ្លះទៀតមនុស្សស្រវឹងបានយកផ្លូវដែកធ្វើជាគ្រែដេកត្រូវរថភ្លើងកិច្ចស្លាប់៕