រាជធានីភ្នំពេញ៖ ឯកឧត្តមខៀវ កញារិទ្ធរដ្ឋក្រសួងព័ត៌មានចេញលិខិតលេខ ១៦០៨ ព.ម ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីផ្អាកជាបណ្តោះអាសន្ននូវការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលកាហ្វេរបស់ក្រុមហ៊ុន ស៊ីន វ៉េងយូ។ក្រសួងព័ត៌មានបាន បញ្ជាទៅគ្រប់ប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកទាំងអស់ ឲ្យបញ្ឈប់ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលកាហ្វេរបស់ក្រុមហ៊ុន ស៊ីន វេងយូ ។
យោងតាមលិខិតក្រសួងព័ត៌មានថា ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះ បានធ្វើឲ្យប៉ះពាល់ “ធ្ងន់ធ្ងរ” ដល់សមធម៌នៃការធ្វើពាណិជ្ជកម្ម និងធ្វើឲ្យបរិយាកាស ទីផ្សារប្រកួតប្រជែងមានភាព ច្របូលច្របល់។
រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមខៀវ កាញារិទ្ធិ បានលើកឡើងក្នុងលិខិតមួយច្បាប់កាលពី ថ្ងៃម្សិលមិញនេះថា ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន ស៊ីន វេងយូ មានលក្ខណៈអូសទាញ បំភាន់ ឬពង្វាងការពិត ធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ ដើម្បីបោកបញ្ឆោតមហាជនឲ្យគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយថា មានតែកាហ្វេរបស់ខ្លួនតែមួយគត់ ដែលមិនមានសារធាតុគីមី ហើយចោទកាហ្វេដទៃទៀតថា សុទ្ធតែជាកាហ្វេគីមី៕