ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ នគរបាលខេត្តព្រះសីហនុ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ចំនួន៩៣នាក់ ពិធីនេះប្រព្រឹត្តឡើង ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
ប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលអានដោយលោកវរសេនីយ៍ត្រីសំ សុផា នាយរងការិយាល័យបុគ្គលិកបានឲ្យដឹងថា នាយនគរបាលដែលត្រូវបានតែងតាំងមុខតំណែងចំនួន២៤នាក់ ផ្ទេរសម្រួលភារកិច្ចចំនួន១១នាក់។ បំពាក់ឋានន្តរសក្តិចំនួន៥៨នាក់ មានថ្នាក់ វរសេនីយ៍ត្រីចំនួន១នាក់ អនុសេនីយ៍ឯកចំនួន៩នាក់ អនុសេនីយ៍ទោចំនួន៣០នាក់ អនុសេនីយ៍ត្រី ចំនួន១៥នាក់ ព្រិន្ទបាលឯក ចំនួន៣នាក់។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានមានប្រសាសន៍ រំលឹកដាស់តឿនឲ្យកងកម្លាំងនគរបាលទាំងអស់យកចិត្តទុកដាក់គោរពវិន័យ ការងារឲ្យបានល្អ យកចិត្តទុកដាក់បង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌផ្សេងទៀតឲ្យបានសកម្ម ដើម្បីចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានសុវត្ថិភាពកាន់តែប្រសើរឡើង។