MENU
|
រាជធានីភ្នំពេញ៖ រឿងក្ដីហិង្សានៅក្នុងគ្រួសារខ្មែរអ៊ីស្លាមមួយដែលប្ដីបានចាក់សម្លាប់ប្រពន្ធស្លាប់ចោលកូនតូចៗ២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនាល្ងាចថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៦ សម្រេចផ្ដន្ទាទោសជនដៃដល់ជាប្ដីឈ្មោះ បេ វ៉ាន់សាក់ ភេទអាយុ៣៤ឆ្នាំ មុខរបរកាប់គោដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ ។ តុលាការក៏បានបង្គាប់អោយជនដៃដល់សងសំណងរដប្បវេណីចំនួន៥០លានរៀលផងដែរ ។
សូមបញ្ជាក់ថាកាលពីម៉ោង១២និង៣០នាទីអាធ្រាត្រ ថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៦ មានអំពើហិង្សារគួរឲ្យរន្ធត់មួយ ដោយស្ត្រីរងគ្រោះជាខ្មែរឥស្លាមម្នាក់ត្រូវបានជនដៃដល់ជាប្ដីចាក់សម្លាប់ចំនួន១៨កាំបិតស្ថិតនៅនៅផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
តាមសម្តីរបស់កូនប្រុសរបស់ជនរងគ្រោះ សេត រ៉ូហ៊ាត ភេទប្រុស អាយុ៨ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោង២០និង០០នាទី ថ្ងៃ០១ខែកក្កដា ឆ្នាំ ២០១៦រូបខ្ញុំបានចូលដេកក្នុងផ្ទះជាមួយម្តាយរបស់ខ្ញុំនិងប្អូនស្រី ។
ចំណែកប៉ាគាត់ទៅដេកយាមគោនៅក្រោលគោមាត់ទន្លេ។ ពេលដេកលក់មិនដឹងម៉ោងប៉ុន្មានស្រាប់តែឮសូរសំលេងម្តាយខ្ញុំស្រែកជួយផងៗខ្ញុំភ្ញាក់ពីដេកឡើងស្រាប់តែឃើញប៉ារបស់ខ្ញុំកំពុងតែយកកាំបិតចាក់មកលើម្តាយរបស់ខ្ញុំចាក់យកៗជាច្រើនកាំបិត ពេលនោះម្តាយខ្ញុំក៏រត់ចេញទៅក្រៅផ្ទះហើយដួលមុខផ្ទះចេញឈាមជាច្រើន។ចំណែកប៉ាខ្ញុំ ក៏រត់ចេញទៅបាត់។
សមត្ថកិច្ចបានឲ្យដឹង ជនរងគ្រោះមានឈ្មោះថា ទូលាស់ ម៉ៃយ៉ាន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ មានកូន២នាក់(ស្រី១) មានស្លាកស្នាមកាប់,ចាក់លើក្បាល,ខ្លួន ចំនួន១៨កន្លែង ចំណែកជនសង្ស័យជាប្តីឈ្មោះ បេ វ៉ាន់សាក់ អាយុ៣៤ឆ្នាំ មុខរបរកាប់គោ។
រឿងក្ដីនេះត្រូវបានតុលាការចាប់ឃុំខ្លួនជនដៃដល់កាលពីថ្ងៃទី ៥ ខែកក្ដដា ឆ្នាំ ២០១៦ ហើយត្រូវបានលោកចៅក្រមតុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជំរះបើកសវនាការកាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៦ និងប្រកាសសាលក្រមនាល្ងាចថ្ងៃទី ២៨ វិច្ឆិកានេះ ។