ក្រុមហ៊ុន Samsung និងនិយ័តករអាមេរិក បានប្រកាសប្រមូលយកមកវិញនូវម៉ាស៊ីនបោកគក់ជាង ៣លានគ្រឿង កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ ដោយសារការផ្ទុះនៅពេលម៉ាស៊ីនចាប់ផ្តើមវិល ដែលបានបង្កគ្រោះថ្នាក់។
Samsung បាននិយាយថា វាកើតឡើងដោយសារ សំភារៈដែលយកមកបោកនោះមានសភាពមិនជ្រាបទឹក ឬសំពីងសំពោង ដែលបង្កជាការផ្ទុះនៅពេលម៉ាស៊ីនវិលក្នុងល្បឿនលឿនខ្លាំង។ ម៉ាស៊ីនអាចបាត់បង់លំនឹង ដែលបង្កជាលំញ័រខ្លាំង ដែលធ្វើអោយគំរបធុងផ្ទុះខ្ទាតចេញមកក្រៅ។
បើតាមរបាយការណ៍ពីតុលាការ Samsung បានរងពាក្យបណ្តឹងមួយកាលពី ខែសីហា ពាក់ព័ន្ធនឹងករណីនេះផងដែរ។ អតិថិជនម្នាក់នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក បាននិយាយថា ម៉ាស៊ីនបោកគក់របស់នាងបានផ្ទុះយ៉ាងខ្លាំង រហូតធ្វើអោយជញ្ជាំងផ្ទះនាងរងការប្រេះស្រាំស្ទើរធ្លុះ ដែលសំណាងណាស់ដែលមិនត្រូវមនុស្ស។
ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតអំពីបញ្ហាម៉ាស៊ីនបោកគក់នេះឡើយ។
ដើម្បីដោះស្រាយបញ្ហានេះ Samsung បានផ្តល់សេវាជួលជុលដល់ផ្ទះ ដោយឥតគិតថ្លៃ ជាមួយនឹងការបន្ថែមការធានារយៈពេល១ឆ្នាំទៀត លើការធានាដែលមានស្រាប់ ឬបង្វិលប្រាក់អោយវិញ សម្រាប់ទិញម៉ាស៊ីនថ្មី អាចជាផលិតផលក្រុមហ៊ុនផ្សេង ឬផលិតផល Samsung ជាមួយនឹងការធានាតម្លើងម៉ាស៊ីនថ្មី និងការរុះរើរម៉ាស៊ីនចាស់ ដោយឥតគិតថ្លៃ។ សម្រាប់អតិថិជនដែលចង់ប្តូរយកម៉ាស៊ីនថ្មី ដែលជាផលិតផល Samsung នោះនឹងទទួលបានការបញ្ចុះតម្លៃពិសេស $150៕
ប្រែសម្រួលដោយ៖ សិរិវុធ