ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបង្រ្កាបមុខសញ្ញាលក់ចែក ចាយថ្នាំញៀន១ករណីនៅចំណុចអូរទី១ក្រុមទី៤៦ ភូមិ១សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន១១កញ្ចប់ កញ្ឆាមូជាបារីចំនួន៨៤ដើម និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន១ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖ ១.ឈ្មោះដា ឌឿនភេទប្រុសអាយុ២៩ឆ្នាំទីលំនៅ នៅកន្លែងចាប់ខ្លួន មុខរបរកាប់ជ្រូក ២.ឈ្មោះដា ឌឹនភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅដូចគ្នា មុខរបររត់ម៉ូតូឌុប និងទី៣ ឈ្មោះចាង ធីបេហូវ ភេទស្រីអាយុ២៣ឆ្នាំជនជាតិវៀតណាមស្នាក់នៅសង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុមុខរបរអ្នកម៉ាស្សា។
លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើសបានឲ្យដឹងថា ឈ្មោះដា ឌឿនជាមុខសញ្ញាសំខាន់ក្នុងការជួញដូរថ្នាំញៀនកន្លងមក ដែលសមត្ថកិច្ច តាមឃ្លាំមើលយូរមកហើយ។ លោកស៊ុន សុផាតបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀនកាពីយប់មិញនេះក្រោមការបញ្ជាណែនាំផ្ទាល់ពី ឯកឧត្តមឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត ព្រះសីហនុ។