រាជធានីភ្នំពេញ៖ ស្រ្តីជាម្តាយបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាំងទឹកភ្នែក ហូររហាមបន្ទាប់ពីបាត់កូនស្រី១យប់១ថ្ងៃគ្មានដំណឹង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ រហូតមកដល់ល្ងាចថ្ងៃទី២៤ ខែតុលានេះ មិនដឹងទៅរកទីណាមានតែម្តាយរត់ទៅសុំការអន្តរាគមន៍ពីប៉ូលីស ។
ស្រ្តីជាម្តាយបាននិយាយថាក្មេងស្រីដែលបាត់ពីផ្ទះ មានឈ្មោះ ឈួន ស្រីនីត អាហុ១៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានឪពុកឈ្មោះ គុយ ណាត អាយុ៣៧ឆ្នាំ មុខរបររត់មូ៉តូឌុប ម្តាយឈ្មោះ ហៀង ចាន់ណា អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្មេងស្រីដែលបាត់ខ្លួនជាកូនច្បង រស់នៅក្នុងបន្ទុកគ្រួសារ នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិលឹង្គ ឃុំ អង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ស្រ្តីជាម្តាយបាននិយាយរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ម្សិលមិញ កូនស្រីបានសុំគាត់ទៅចូលរួមកម្មវិធីជប់លៀងជាមួយ អ្នករួមការងារ ។តែមិនប្រាប់ថានៅចំណុចណាឡើយ។រហូតដល់យប់មិនឃើញវិលវិញ ទូរស័ព្ទក៏ចុចលែងចូល ទើបក្រុមគ្រួសារ បង្កឲ្យផ្អើលឆោឡោភ័យស្លន់ ដើរស្វែងរកទាំងយប់។
រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា នៅតែគ្មានដំណឹង ដើរស្វែងរកក៏មិនឃើញ បាត់ដំណឹង រហូតដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែតុលានេះ ស្រ្តីជាម្តាយ មានតែរត់ទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ឲ្យជួយប្រកាសស្រាចជ្រាវ ៕