![]() |
MENU
|

រាជធានីភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានប្រជុំសម្រេចក្នុងការមិនយកការស្នើសុំរបស់ក្រសួងយុត្តិធម៌ដែលចង់ឲ្យរដ្ឋសភាលើកអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលនិងបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិដើម្បីយកមកឲ្យរដ្ឋសភាអនុម័តនោះទេដោយចាត់ទុកថាអ្នកតំណាងរាស្រ្តទាំងពីរ រូបនេះមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមការលើកឡើងរបស់ក្រសួងយុត្តិធម៌នោះទេ។
លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៨ កញ្ញានេះ ថា រដ្ឋសភានឹងដាក់លិខិតទៅ ក្រសួងយុត្តិធម៌ជុំវិញការសម្រេចនេះទៅក្រសួងយុត្តិធម៌ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ចំណែកេកឧត្តមយ៉ែម បុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិប្រចាំរដ្ឋសភា បានសម្តែងការស្វាគមន៍ចំពោះការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបែបនេះ ពីព្រោះថា អ្នកតំណាងរាស្រ្តទាំងពីររូបនេះ គឺមិនបានប្រព្រឹត្តិបទល្មើសជាក់ស្តែងទេហើយគ្មានហេតុផលអ្វីដែលត្រូវដកគាត់ដែរ។
កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦ លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់លិខិតជូនសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដើម្បីសុំឲ្យរដ្ឋសភាលើកអភ័យឯកសិទ្ធិក្នុងគោលបំណងបើកដៃឲ្យតុលាការបន្តនីតិវិធីលើតំណាងរាស្ត្រទាំង២ រូបនេះរបស់គណបក្សសង្រ្គោះជាតិ ដែលជាប់សង្ស័យនឹងអំពើសញ្ចារកម្ម។
ឯកឧត្តមតុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងឯកឧត្តម ពិន រតនា តំណាងរាស្រ្តមណ្ឌលបាត់ដំបង ត្រូវបានតុលាការចេញដីកាកោះចំនួន២លើកមកហើយ ដើម្បីឲ្យចូលបំភ្លឺជុំវិញអំពើសញ្ចារកម្ម ដែលពាក់ព័ន្ធនឹង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ប៉ុន្តែតំណងរាស្រ្តទាំងពីរ បានបដិសេធមិនបង្ហាញខ្លួនទាំង២លើក ដោយសំអាងលើអភ័យសិទ្ធិរបស់ខ្លួនក្នុងនាមជាតំណាងរាស្ត្រ។
យោងតាមមាត្រា៩នៃច្បាប់លក្ខន្តិកៈតំណាងរាស្ត្របានចែងថាការលើកអភ័យឯកសិទ្ធិរបស់សមាជិកសភាណាម្នាក់ត្រូវមានការអនុម័តតាមមតិភាគច្រើនពីរ ភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ការអនុម័តដោយសមាជិករដ្ឋសភា២ភាគ៣គឺស្មើនឹងសមាជិកសភា៨៣ រូបគាំទ្រឬអនុម័តឡើងទៅ ទើបអាចលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់៕


