រាជធានីភ្នំពេញ៖ លោកជុំសន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានផ្តល់ព័ត៌មានថា ពលរដ្ឋខ្មែរ២៦នាក់(ប្រុស១១នាក់-ស្រី១៥នាក់) ក្នុងនោះមនុស្សចាស់៧នាក់ និងកុមារ១៩នាក់ ដែលចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់ក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនប្រមូលផ្តុំនិងផ្គត់ផ្គង់អាហារនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសង្គមទីក្រុងហូជីមិញ។ ក្នុងចំណោមពលរដ្ឋទាំងនោះ២៤នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង១នាក់មកពីខេត្តកណ្តាល និង១នាក់ទៀតមកពីខេត្តកំពង់ស្ពឺ។
មន្រ្តីស្ថានអគ្គកុងស៊ុល បានសួរសុខទុក្ខពលរដ្ឋខ្មែរទាំង២៦នាក់ ហើយសហការជាមួយមន្ទីរសង្គម កិច្ចទីក្រុងហូជីមិញ និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង គ្រោងធ្វើមាតុភូមិនិត្តន៍ពួកគេមកកម្ពុជាវិញ នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ច ខេត្តស្វាយរៀង។
សូមបញ្ជាក់ថាគិតត្រឹមខែកញ្ញាឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរចូលទៅសុំទាន និងលក់ឆ្នោតខុស ច្បាប់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន សរុបចំនួន១៦៨នាក់ (គិតទាំងលើកនេះផង)៕