![]() |
MENU
|

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រងសម្តីអ្នកនាំពាក់ក្រសួងការបរទេសលោក ssun Nahm Kook បញ្ចាក់ថា កូរ៉េខាងជើងបានប្រមូលនៅធុនធានទាំងអស់សម្រាប់កម្មវិធីបរិមាណូ ដោយមិនបានជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពលដោយគ្រឿទឹកជំនន់នោះឡើយ។ ចំណុចទាំងនោះធ្វើឲ្យទីក្រុងសេអូលនឹងមិនផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងតាមសំណើរ។
ភាគីកូរ៉េខាងត្បូងបានបញ្ចាក់ថាប្រាក់ចំណាយសម្រាប់ការសាកល្បងគ្រាប់បែកបរិមាណូនិងបាញ់បង្ហោះមីស៊ីល២២គ្រាប់ នៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ជាង២០០លានដុល្លារអាមេរិក ។ ទឹកប្រាក់ទាំងនោះមានច្រើនជាការខូចខាតបង្ករឡើងដោយទឹកជំនន់។ លើសពីនេះទៅទៀតការដែលកូរ៉េខាងជើងផ្តល់អទិភាពទៅលើកម្មវិធីបរិមាណូ ដោយមិនយកចិត្តទុកដាក់និងជីវភាពរសនៅរបស់ពលរដ្ឋជារឿងមួយមិនអាចលើកឡើងឲ្យបានឡើយ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថាគ្រោះទឹកជំនន់លើកនេះមានទ្រងទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក បានសម្លាប់មនុស្ស១៣៨នាក់និងជាង៤០០នាក់បាត់ខ្លួន។
ការបដិសេធផ្តល់ជំនួយរបស់កូរ៉េខាងត្បូងកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានស្នើរដល់សហគមន៍អន្តរជាតិផ្តល់ជំនួយដល់ពលរដ្ឋដែលរង្គ្រោះដោយទឹកជំនន់។
ក្រោយការសាកល្បងគ្រាប់បែកបរិមាណូកូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរមកធ្វើឲ្យកូរ៉េខាងជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាក់បំផុតដោយសារតែប្រទេសនេះទើបសាកល្បងគ្រាប់បែកបរិមាណូ ។
ទីភ្នាក់ងារព័ត៌មាន KCNA ពុំបានរាប់ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់នេះទេ។ ក៏ប៉ុន្តែយោងតាម អ.ស.ប. ជនរងគ្រោះស្លាប់ដោយមហន្តរាយធម្មជាតិនេះមានចំនួន១៣៨នាក់និងបាត់ខ្លួនចំនួន៤០០នាក់ផ្សេង ទៀតនៅតាមបណ្តោយទន្លេ Tumen ។ ទន្លេ Tumen ដែលជាកន្លែងសម្គាល់ព្រំដែនរវាងកូរ៉េខាងជើងនៅលើត្រើយម្ខាងនិងជាមួយប្រទេសចិននិងរុស្ស៊ីនៅលើត្រើយម្ខាងទៀត។
យោងតាម អ.ស.ប បានឲ្យដឹងថាប្រជាជនកូរ៉េខាងជើងជាច្រើនពាន់នាក់ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់និងទីលំនៅសំរាប់ជ្រកកោនពីព្រោះទឹកជំនន់បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទីភូមិឋាននិងលំនៅរបស់ប្រជាជន។ ទឹកជំនន់ដ៏កាចសាហាវដែលបណ្តាលមកពីព្យុះសង្ឃរាដែលបានបោកបក់វាយលុកទៅលើភាគខាងជើងភូមិ Hamgyong កាលពីចន្លោះ ថ្ងៃទី២៩ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ជាគ្រោះមហន្តរាយមួយពុំដែលធ្លាប់មានឡើយចាប់តាំងពីកូរ៉េខាងជើងបានរំដោះផុតពីការកាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ១៩៤៥មក។ នេះជាការបញ្ជាក់បន្ថែម របស់ KCNA។
គឺជាលើកទីមួយដែរដែលទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងនេះបានផ្តល់តួលេខពីចំនួនប្រជាជនកូរ៉េខាងជើងដែលបានគេចភៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួនចំនួន៦៨.៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប.វិញ បានរាប់ឃើញរហូតទៅដល់១០៧.០០០នាក់។
ម្យ៉ាងទៀតលំនៅឋានប្រជាជនយ៉ាងតិច២៩.៨០០កន្លែង និងអគាររដ្ឋ៩០០កន្លែងត្រូវរងអន្តរាយ រីឯកំណាត់ផ្លូវជាង១៨០និងស្ពានជាង៦០កន្លែងក៏ត្រូវទទួលរងការខូចខាតយ៉ាងដំណំដែររួមទាំងនៅលើបណ្តាញអគ្គិសនីនិងផ្នែកទូរគមនាគមន៍។ KCNA ឆ្លៀតទាំងលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងដែរ អំពីការសន្យាជួយជ្រោមជ្រែងរបស់គណបក្សនេះ ក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងដើម្បីការរៀបចំស្តារនិងសាងសង់តំបន់រងមហន្តរាយឡើងវិញ។
កូរ៉េខាងជើងគឺជាប្រទេសមួយដែលងាយបំផុតក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ ពីព្រោះកូរ៉េខាងជើងមានការ ខ្វះខាតយ៉ាងសម្បើមនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផែនការរៀបចំឲ្យបានត្រឹមត្រូវល្អនៅក្នុងប្រទេសជាពិសេសការប្រឈមមុខទល់នឹងគ្រោះទឹកជំនន់ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃភ្នំ។
មិនតែប៉ុណ្ណោះកូរ៉េខាងជើងគិតគូរតែនៅលើបញ្ហាមួយមុខគត់គឺមហិច្ឆតារបស់ខ្លួននៅក្នុងការសាងសង់កម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីផលិតគ្រាប់មីស៊ីលអន្តរទ្វីបដែលកូរ៉េខាងជើងត្រូវ ចំណាយធនធានយ៉ាងសម្បើមនៅក្នុងប្រទេសដោយពុំខ្ចីគិតពីជោគវាសនារបស់ប្រជាជនខ្លួនដែលជួបនឹងគ្រោះអត់ឃ្លានយ៉ាងខ្លាំងនោះទេ៕


