![]() |
MENU
|
រាជធានីភ្នំពេញ៖ នាវេលាម៉ោង២ និង០០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានច្រកទ្វារទី១ បានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៦៣នាក់ ( ស្រី ០៩នាក់ ) ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសដើមរបស់ខ្លួនវិញតាមជើងហោះហើរ Sky Team ពាក់ព័ន្ធនឹងបទឆបោកនិងគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិជ្ជាទូរគមនាគមន៍ ( VOIP ) ឬហៅកាត់ថា ជំរិតទារប្រាក់តាមប្រព័ន្ធ Internet .។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ អោយដឹងថា ជនជាតិចិនទាំង៦៣នាក់ ខាងលើក្នុងនោះ មានចិនតៃវ៉ាន់ ១៣នាក់ និងចិនដីគោកចំនួន ៥០នាក់ ។ ពួកគេទាំង៦៣នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួននៅចំណុច ផ្ទះល្វែងដ៏ធំមួយកន្លែង នៅចំណុចភូមិព្រែកជាងព្រុំ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ក្រោយសមត្ថកិច្ចស្រាវជ្រាវដឹងពីទីតាំងពួនសំងំលាក់ខ្លួន របស់ពួកគេ ។ លោកឧត្តមសេនីយ៍ទោបន្តថា ពួកគេ គឺមានលិខិតឆ្លងដែន អក្សរ E ដែលលិខិតនេះ ពួកគេអាចចូលមករស់នៅ និងធ្វើការបានយ៉ាងត្រឹមត្រូវតាមច្បាប់របស់កម្ពុជា ប៉ុន្តែផ្ទុយពីនោះពួកគេបែរជា ចូលមករស់នៅហើយប្រព្រឹត្តិអំពើរដែលផ្ទុយពីច្បាប់ទៅវិញ ដោយពួកគេយកប្រទេសកម្ពុជាជាកន្លែងសម្រាប់លាក់ខ្លួន រួចធ្វើសកម្មជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ដោយបញ្ជារចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ទៅវិញ ។
ឈ្លៀតក្នុងឱកាសបណ្តេញចេញខាងលើនេះលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា បានបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០១៦ រហូតមកទល់នឹង នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញជនជាតិបរទេសដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់មានជិត ៣ ពាន់នាក់ ស្មើរនឹង ៦៨សញ្ជាតិ។
សូមបញ្ជាក់ផងដែរថា ការបណ្តេញចេញជនជាតិចិនខុសច្បាប់ទៅតាមជើងហោះហើរនៅពេលនេះ គឺជាការបណ្តេញទ្រង់ទ្រាយធំលើកទី៤ហើយ បើគិតពីអំឡុងចុងឆ្នាំ២០១៥ មកទល់ខែកញ្ញា ឆ្នាំ២០១៦នេះ ៕អត្ថបទ និងរូបភាព : លីហេង & ម៉ម វ៉ាន