MENU
|
រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវប៉េតុងប្រមាណជាជាង ៥០០ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវសេះស ចំងាយពីផ្លូវវេងស្រេងប្រមាណ២០ម៉ែត្រ ក្នុងភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវរងការខូចខាតទាំងស្រុង ដោយផ្លូវមានលក្ខណៈ ចង្ហុកធំៗ ពោរពេញទៅដោយទឹកភក់ចិញ្ច្រាំ មើលទៅដូចជាផ្ទៃបឹងបួរ បង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើដំណើរទៅវិញទៅមកទូទៅរបស់ប្រជាជននិងជាពិសេសអ្នករស់នៅនិងប្រកបរបររកស៊ីប្របអមសងខាងផ្លូវមួយខ្សែនេះតែម្តង ។
អ្នកស្រុករស់នៅតំបន់ខាងលើអោយដឹងថា ផ្លូវនេះត្រូវខូចខាតមកអស់រយៈពេលជាង ១ឆ្នាំមកហើយពុំដែលឃើញមានអាជ្ញាធរមកធ្វើសោះ ។ អ្នកស្រុកដដែលបន្តថា កាលពី១ឆ្នាំមុនគេឃើញមានក្រុមអាជ្ញាធរចុះមកចាក់ថ្មគ្រួសម្តង ប៉ុន្តែគ្រាន់តែចាក់កុំអោយមានចង្ហុកនិងភក់តែប៉ុណ្ណោះ ។ មិនបានប៉ុន្មានផងការជួសជុលនោះក៏ត្រូវបានផ្អាកតាំងពីពេលនោះ រហូតមកទល់នឹងបច្ចុប្បន្នបន្សល់ទុកតែផ្លូវ ដែលមានចង្ហុកធំៗ ស្ទើរលិចម៉ូតូបាត់និងទឹកត្រូវដក់ជាប់ក្នុងនោះគ្មានកន្លែងសម្រាប់បង្ហូរចេញ ។
ក្រុមប្រជាពលរដ្ឋដដែលបន្តថាពួកគាត់ពិតជាពិបាករស់នៅ ជាមួយហ្នឹងស្ថានភាពផ្លូវបែបនេះណាស់ពិបាកដែលពេលចេញដំណើរទៅធ្វើការ កូនត្រូវទៅរៀនសូត្រ និងទៅណាមកណាជាដើមពោលត្រូវឆ្លងកាត់ទឹករាល់ថ្ងៃតែម្តង។ ដោយឡែកប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររកស៊ីតាមដងផ្លូវខាងលើវិញត្អូញត្អែរសឹងតែលែងចង់រកស៊ីទៀតហើយ ព្រោះគ្មានម៉ូយ ឬអតិថិជនម្នាក់មកទិញ ឬជាវទំនិញទៀតឡើយបើស្ថានភាពផ្លូវបែបនេះគ្មាននណារគេចង់មកនោះទេ ។
ក្នុងនោះដែរអ្នកដំណើរដែលឆ្លងកាត់ទីនោះក៏បានមានការថ្នាំងថ្នាក់ជាខ្លាំងផងដែរព្រោះពិបាកពេលធ្វើដំណើរទៅវិញទៅមកមានពេលខ្លះ ទឹកលិចម៉ូតូរហូតត្រូវរលត់ម៉ាស៊ីន បណ្តើររហូតដល់ផ្ទះក៏មានដែរ ។
មន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានថ្លែងប្រាប់ថា ថ្នាក់សង្កាត់បានធ្វើរបាយការណ៍ស្តីពីបាតុភាពខាងលើទៅ កាន់ថ្នាក់ខណ្ឌអស់ហើយហើយកន្លងមកលោកអភិបាលខណ្ឌ ក៏ធ្លាប់ចុះមកត្រួតពិនិត្រមើលដោយផ្ទាល់ផងដែរ ប៉ុន្តែចំពោះការសម្រេចជួសជុល ឬ ស្ថាបនាយ៉ាងណានោះថ្នាក់សង្កាត់ពុំមានលទ្ធិភាពធ្វើឡើយស៊ីសងតែថ្នាក់លើប៉ុណ្ណោះ។ ជុំវិញបាតុភាពដដែលនេះលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយ នារសៀលថ្ងៃទី១៩ កញ្ញា នេះ ៕ អត្ថបទលីហេង