MENU
|
រាជាធានីភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ក្នុងឱកាសឯកឧត្តមបានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេល៩ខែឆ្នាំ២០១៦របស់ផែនការប្រឆាំងបទល្មើសគ្រឿងញៀននៅអគ្គស្នងការដ្ឋាននគរបាលជាតិថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនចប់កណ្តាលទីនោះទេ គឺសមត្ថកិច្ចត្រូវតាមដានករណីពេលដែលបញ្ជូនជនល្មើសដល់តុលាការលុះត្រាតែតុលាការបើកសវនាការចប់ជាស្ថានពរក៏ដោយបន្ទាប់មកសមត្ថកិច្ចត្រូវតាមដានទៀតតើការទាក់ទងរវាងទណ្ឌិត ជនល្មើសជនជាប់ចោទនៅក្នុងគុគវាយ៉ាងម៉េច?។
ជាមួយគ្នានោះឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានសំណូមពរឲ្យការបង្រ្កាបនេះធ្វើឲ្យដល់ឬគល់មិនមែនគ្រាន់តែបញ្ជូនជនល្មើសទៅតុលាការហើយចប់រឿងនោះទេត្រូវស្រាវជ្រាវដល់ឬសគល់ថា ករណីនេះអ្នកណាជាមេក្លោងចែកចាយ? តើអ្នកណាជាអ្នកទទួលផលជាដើម?។ សមត្ថកិច្ចបានធ្វើការមួយជំហ៊ានហើយជាមួយអគ្គនាយកដ្ឋានពន្ធធនាគារដើម្បីសិក្សាឡើងវិញពីបញ្ហានេះ ។
នាឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំបំពេញការងារនាពេលកន្លងមកទទួលបានជោគជ័យជាពិសេសលើការបង្រ្កាបបទល្មើសគ្រឿងញៀននេះដែលជាបញ្ហាដ៏រសើបសម្រាប់សង្គមជាតិទាំងមូល ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងពីលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេល៩ខែឆ្នាំ២០១៦ ថាកម្ពុជានៅតែទទួលរងគ្រោះថ្នាក់នូវការដឹកជញ្ជូនការជួញដូរគ្រឿងញៀន ជ្រៀតចូលឆ្លងកាត់តាមផ្លូវគោកផ្លូវទឹកនិងច្រកអាកាសដោយសារឥទ្ធិពលនិងទំហំបទល្មើសកើតឡើងច្រើនតាមតំបន់ជាក់ស្តែងក្នុងរយៈពេល៩ខែឆ្នាំ២០១៦នេះសកម្មភាពមួយចំនួនដែលបង្ក្រាបបានតាមច្រកព្រលានយន្តហោះ៣ករណីឃាត់ខ្លួន៥នាក់ (ថៃ១នាក់ស្រី) នីហ្សេរីយ៉ា៣នាក់ និងរ៉ូម៉ានី ១នាក់។ រឹបអូសកូកាអ៊ីនជាង៨គីឡូក្រាមប្រភពមកពីប្រទេសអារ៉ាប់រួមនិងនីហ្សេរីយ៉ា។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្តថា នៅច្រកព្រំដែនគោកកម្ពុជា.ឡាវ (ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ)កើតមាន៥ករណីឃាត់ខ្លួន៦នាក់(ខ្មែរ២នាក់ ឡាវ៤នាក់) មន្ទីរប្រឆាំងគ្រឿងញៀនរឹបអូសមេតំហ្វេតាមីន(ICE)២គីឡូក្រាម៧១៨ក្រាម។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា និយាយជារួមការបង្ក្រាបបទល្មើសសរុបរយៈពេល៩ខែឆ្នាំ២០១៦មានចំនួន២.២៦៥ករណី ឃាត់ខ្លួន៥.០៥៧នាក់(ស្រី៤៧៦នាក់) ជនជាតិខ្មែរ៤.៩៥៨នាក់(ស្រី៤៥៧នាក់)និងជនបរទេស១១សញ្ជាតិ៩៩នាក់(ស្រី១៩នាក់) រួមមានជនជាតិវៀតណាម៦០នាក់(ស្រី១៧នាក់) , នីហ្សេរីយ៉ា១១នាក់ ស៊ុយអែត១នាក់ អាមេរិក២នាក់ កូរ៉េ១នាក់ ចិន១០នាក់(ស្រី១នាក់) ថៃ៣នាក់(ស្រី១នាក់) ឡាវ៨នាក់ ហ្វាំងឡង់១នាក់ អូស្រ្តាលី១នាក់និងរ៉ូម៉ានី១នាក់។
ឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានបញ្ជាក់បន្ថែមថាគ្រឿងញៀនដែលរឹបអូសបានមានសារធាតុញៀនគ្រប់ប្រភេទទម្ងន់សរុប៦៥គីឡូក្រាម៥០០ក្រាមក្នុងនោះមានមេតំហ្វេតាមីនម្សៅក្រាម ICEជាង ៤៤គីឡូក្រាម មេតំហ្វេតាមីនគ្រាប់(WY)ជាង៨គីឡូក្រាម ហេរ៉ូអ៊ីនជាង៣គីឡូក្រាម កូកាអ៊ីនជាង៨គីឡូក្រាម កេតាមីនជាង៦៩ក្រាម អ៊ិចស្តាស៊ីជាង៩០០ក្រាម។ ដោយឡែកកញ្ឆាក្រៀមជាង៤គីឡូក្រាម ដើមកញ្ឆា៦២.០២៣ដើម និងប្រេងម្រះព្រៅភ្នំ៩៥គីឡូក្រាម ៕