ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះ១. ជួន បូរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។២. ស៊ី វិស័យ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់។ ៣. នាង អិល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ។
មន្ត្រីកងរាជអាវុធហត្ថដដែលក៏បានឲ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៤កញ្ចប់ ដែលមានទម្ងន់ ស្មើ២.២៨ក្រាម ២. ម៉ូតូចំនួន ១គ្រឿង ៣. ទូរស័ព្ទដៃ ចំនួន៦គ្រឿង ៤. ជញ្ជីងសំរាប់ថ្លឹង ១គ្រឿង ៥. អាវុធកែច្នៃចំនួន ១ដើម ៦. ដាវចំនួន ២ដើម ៧. ឧបករណ៍សំរាប់វិចខ្ចប់ និងសំរាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងកំពុងសាកសួរព័ត៌មានបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។